ទឹកជំនន់​ប៉ះពាល់​តិចតួច​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា

ដោយ​ ៖ កាំង​ សុធា ថ្ងៃទី 11 វិច្ឆកា 2011ម៉ោង 08:59:46

​​ស្ថានភាព​ទឹកជំនន់​ប៉ុន្មាន​ខែ​កន្លង​មកនេះ​បាន​ពន្លិច​ខេត្ដ​ក្រុង​មួយ​ចំនួន​របស់​កម្ពុជា​ពិសេស​ ខេត្ដ​ផលិត​​ស្រូវ​ធំៗ​អស់​ជា​ច្រើន​ម៉ឺន​ហិ​កតា​ និង​បណ្ដា​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សង្គម​អស់​ច្រើន​ជាង​ពេល​ដែល​ទទួល​រង​គ្រោះ​​ដោយ​ព្យុះ​កេ​ត​សា​ណា​​ទៅ​ទៀត​​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​​ដែល​ធ្លាប់​ទាយ​ថា​នឹង​មាន​ក្នុង​រង្វង់​​៧%​ចុះ​មក​នៅ​ត្រឹម​៦%​វិញ​តែ​ប៉ុណ្ណោះ​។​ ទោះជា​យ៉ាងនេះ​ក្ដី​គេ​នៅ​តែ​គិត​ថា​វា​ប៉ះពាល់​តិចតួច​ជាង​នៅ​ប្រទេស​ថៃ​។​ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​សម្រេចចិត្ដ​ផ្អាក​ពិធីបុណ្យ​អុំទូក​ ដើម្បី​ស្ដារ​ការងារ​ធ្វើ​កសិកម្ម​ឱ្យទាន់​ ពេលវេលា​ប៉ះប៉ូវ​បង្គ្រប់​ផែនការ​នាំ​អង្ករ​ចេញ​។​

ដោយ​យោង​តាម​ប្រសាសន៍​របស់​ លោក​ឧ​ប​​​នាយក​រដ្ឋមន្ដ្រី​ គាត​ ឈ​ន់​ រដ្ឋមន្ដ្រី​ ក្រសួង​​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ថា​​ កំណើន​សេដ្ឋ​​កិច្ច​កម្ពុជា​​នៅ​ឆ្នាំ​២០១១​ អាច​នឹង​ប៉ះពាល់​ដោយសារ​តែ​​ឥទ្ធិពល​នៃ​គ្រោះ​ទឹកជំនន់​។​ ប៉ុន្ដែ​កំណើន​​សេដ្ឋកិច្ច​កម្ពុជា​​ក៏​នឹង​មាន​កំណើន​ខ្ពស់​រហូត​​​ដល់​ ៦%​ នឹង​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់​​ជាង​មុន​ ដោយ​មាន​អតិផរណា​ក្នុង​កម្រិត​តួលេខ​​១​ខ្ទង់​ ព្រមទាំង​ធានា​សម្រេច​ឱ្យ​បាន​នូវ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​លើស​១%​ ក្នុង​​១​ឆ្នាំ​ និង​ការ​ធានា​កែ​លម្អ​សូចនាករ​សំខាន់ៗ​​ក្នុង​វិស័យ​​សង្គមកិច្ច​ ជា​ពិសេស​ក្នុង​វិស័យ​អប់រំ​​សុខាភិបាល​ និង​សមភាព​យ៉េន​ឌ័​រ​។​

​ការ​លើក​ឡើង​នេះ​គឺ​ក្នុង​​ពិធី​បើក​​សិក្ខាសាលា​កាលពី​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​​២០១១​ នៅ​សណ្ឋាគារ​អ៊ី​ន​ធឺ​កុង​ទី​ណ​ង់​តា​ល់​។​ លោក​ គាត​ ឈ​ន់​ បាន​មាន​ប្រសាសន៍​បន្ដ​ថា​ ជាក់ស្ដែង​​សេដ្ឋកិច្ច​កម្ពុជា​​បាន​ងើបឡើង​​វិញ​​យ៉ាង​ឆាប់​​រហ័ស​ពី​ ១%​ នៅ​ឆ្នាំ​​២០០៩​  ទៅ​ ៦%​នៅ​​​ឆ្នាំ​២០១០​ ដែល​ធ្វើ​ឱ្យ​និន្នាការ​កំណើន​នេះ​​មាន​ទម្រង់​ជា​អក្សរ​ V​ ដែល​ប្រការ​នេះ​​បាន​មក​ដោយសារ​ការ​ងើបឡើង​វិញ​​នៃ​កំណើន​​ផ្នែក​ឧ​ស្សហកម្ម​កាត់ដេរ​ពី​ ៩%​ទៅ​ ១៨.៥​​%​ និង​កំណើន​ផ្នែក​សេវាកម្ម​ទេសចរណ៍​ពី​ ៣%​ ទៅ​ ៧%​ ទោះជា​ការ​ងើបឡើង​វិញ​នៃផ្នែក​ឧស្សាហកម្ម​សំណង់​ និង​ផ្នែក​សេវាកម្ម​​អចលនទ្រព្យ​មិន​ទាន់​ប្រាកដប្រជា​ក៏​ដោយ​។​

​លោក​ គាត​ ឈ​ន់​ មាន​ប្រសាសន៍​​​ទៀត​ថា​ នៅ​ក្នុង​ឆ្នាំ​២០១១​នេះ ​កំណើនសេដ្ឋកិច្ច​​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​​អាច​ឡើង​ជិត​ ៧%​ប៉ុន្ដែ​ ដោយសារ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​​សហរដ្ឋអាមេរិក​​និង​សហគមន៍​អឺរ៉ុប​ និង​ដោយ​​សារ​ផល​ប៉ះពាល់​ពី​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បាន​គណនា​ស្ថិត​ក្នុង​រង្វង់​ ៦%​ វិញ​។​

​លោក​រដ្ឋមន្ដ្រី​ បាន​បញ្ជាក់​ថា​ តាម​ការ​គណនា​វិស័យ​ឧ​ស្សហកម្ម​នឹង​កើន​​ឡើង​ប្រមាណ​ ៨.៥%​ធៀប​​នឹង​ ១៣​ក្នុង​ ឆ្នាំ​២០១០​ ដែល​ក្នុង​នោះ​ផ្នែក​ឧ​ស្សហកម្ម​​កាត់ដេរ​ នឹង​មាន​កំណើន​ ១១.២%​ធៀប​​នឹង​ ១០.៤%​ ក្នុង​ឆ្នាំ​២០១០​។​ វិស័យ​កសិកម្ម​ នឹង​​មាន​កំណើន​ប្រមាណ​ ៣.៦%​ ធៀប​ នឹង​ ៤%​ ក្នុង​ឆ្នាំ​២០១០​ ។​ ផ្នែក​សេវាកម្ម​​ទេសចរណ៍​ នឹង​មាន​កំណើន​ប្រហាក់​​ប្រហែល​ នឹង​ឆ្នាំ​២០១០​ គឺ​៦.៧%​ ។​

​សូម​បញ្ជាក់​ថា​ បើ​តាម​លោក​ឧបនាយករដ្ឋមន្ដ្រី​ សុខ​ អាន​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​​រដ្ឋមន្ដ្រី​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​​សន្និសីទ​​ស្ដី​ពី​​ពាណិជ្ជកម្ម​​និង​ការ​វិនិយោគ​​ឆ្នាំ​២០១១​​ថា​ ប្រទេស​កម្ពុជា​​ត្រូវ​បាន​គេ​​ទទួលស្គាល់​ថា​​ជា​កូន​ខ្លា​​នៅ​ក្នុង​ការ​ផលិត​ វាយនភ័ណ្ឌ​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​ សុខ​ អាន​ បាន​លើក​ឡើង​ទៀត​ថា​ នៅ​ក្នុង​របាយការណ៍​​ដែល​បាន​ផ្សាយ​កាលពី​ឆ្នាំទៅ​ យូ​ប៊ី​អេស​ ដែល​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បាន​បង្កើន​​ខ្លួនឯង​ ហើយ​ជា​កូន​ខ្លា​មួយ​​នៅ​ក្នុង​ការ​កែ​​ច្នៃ​វាយនភ័ណ្ឌ​ ហើយ​អ្នក​វិនិយោគ​មួយ​ចំនួន​ ក៏​បាន​សម្លឹង​មើល​ផង​ដែរ​។​

លោក​ គាត​ ឈ​ន់​ បាន​បញ្ជាក់​ទៀត​ថា​ អត្រា​ប្ដូរ​ប្រាក់​​ត្រូវ​បាន​រក្សា​ឱ្យ​មាន​ស្ថិរភាព​​ធៀប​នឹង​ប្រាក់​ដុល្លារ​។​ អតិផរណា​ជា​មធ្យម​ប្រចាំ​ ឆ្នាំ​​ត្រូវ​បាន​រក្សា​ក្នុង​រង្វង់​ ៥.៥%​ រូបិយ​វត្ថុ​​ទូទៅ​ដែល​រួម​ផ្សំ​ដោយ​ប្រាក់​បញ្ញើ​របស់​អតិថិជន​​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ពី​ ៤​ពាន់​លាន​​ដុល្លារ​នៅ​ឆ្នាំ​២០១០​ ដល់​ ៤.៧​​ពាន់​លាន​ដុល្លារ​ គណនា​ត្រឹម​ខែសីហា​ឆ្នាំ​២០១១​។​ ទុនបំរុង​​អន្ដរជាតិ​សរុប​​បាន​បន្ដ​កើនឡើង​ដល់​ប្រមាណ​ ៣​ពាន់​លាន​ដុល្លារ​ គណនា​ត្រឹម​ខែតុលា​ដែល​​អាច​ទប់​ការ​នាំ​ចូល​បាន​ជាង​​៤​ខែ​ ។​

​សូម​បញ្ជាក់​ថា​ លោក​ទេស​រដ្ឋមន្ដ្រី​ ញឹ​ម​ វណ្ណ​ដា​ អនុប្រធាន​ទី​១​ គណៈកម្មាធិការ​​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១១​ បាន​បញ្ជាក់​ថា​មាន​ពលរដ្ឋ​​ដែល​ស្លាប់​​នៅ​ក្នុង​គ្រោះ​ទឹកជំនន់​បាន​កើន​​ដល់​ទៅ​ ២០៧​​នាក់​ និង​មានការ​ខូចខាត​ គិត​ជា​ទឹកប្រាក់​ប្រមាណ​ ១៦១​​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ប្រហាក់ប្រហែល​នឹង​ការ​ខូចខាត​ដោយ​គ្រោះ​​ទឹកជំនន់​ កាលពី​ឆ្នាំ​២០០០​។​

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា​ វិទ្យាស្ថាន​​សេដ្ឋកិច្ច​កម្ពុជា​ (EIC)​ ធ្លាប់​បាន​ព្យាករណ៍​ថា​ ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ របស់​​កម្ពុជា​នៅ​ឆ្នាំ​២០១១​ នេះ​អាច​នឹង​កើនឡើង​ដល់​​​៨.៧​ ភាគរយ​ដែល​អនុ​វិស័យ​វាយ​ន​ភណ្ឌ​ និង​​សម្លៀក​បំពាក់​ជា​អ្នក​រុញ​កំណើនសេដ្ឋកិច្ច​។​ ប៉ុន្ដែ​ រដ្ឋាភិបាល​បាន​ព្យាករណ៍​ថា​ កំណើន​​សេដ្ឋកិច្ច​មាន​ត្រឹមតែ​៦​ភាគរយ​ មូលនិធិ​​ហិរញ្ញវត្ថុ​​អន្ដរជាតិ​ (IMF)​ ធនាគារពិភពលោក​ និង​ ធនាគា​អភិ​ឌ្ឍ​ន៍​អាស៊ី​ បាន​ព្យាករណ៍​មាន​​ត្រឹមតែ​ ៦.៥​ ភាគរយ​តែ​ប៉ុណ្ណោះ​។​ ជាង​នេះ​​ទៅ​ទៀត​ ធនាគារអភិវឌ្ឍន៍អាស៊ី​ ធនាគារ​ ពិភពលោក​ មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ ក៏​បាន​​ដាក់​ការ​ព្យាករណ៍​​របស់​ខ្លួន​ចំពោះ​កំណើន​​សេដ្ឋកិច្ច​របស់​កម្ពុជា​​នៅ​ឆ្នាំ​២០១១​នេះ​​ថា​មាន​៦.៥​ភាគរយ​ដូចៗ​គ្នា​ផង​ដែរ​។​

ប៉ុន្ដែ​ការ​ព្យាករណ៍​ទាំងនេះ​ហាក់ដូច​​ជា​ខុសស្រឡះ​នៅ​ពេល​កម្ពុជា​ជួប​​នឹង​គ្រោះ​ទឹក​​ជំនន់​អស់​រយៈពេល​ជា​ច្រើន​លើ​កកន្លង​មកនេះ​ ពីព្រោះ​វា​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​ចំបង​របស់​កម្ពុជា​ ៕​

​     ​