ដំណាំ​ស្វាយចន្ទី​:​ ប្រភព​ចំណូល​ថ្មី​សម្រាប់​កសិករ

ដោយ​ ៖ កាំង​ សុធា ថ្ងៃទី 11 វិច្ឆកា 2011ម៉ោង 09:28:36

​ស្វាយចន្ទី​កម្ពុជា​​អាច​លក់​បាន​ក្នុង​តំលៃ​កាន់តែ​ខ្ពស់​ផង​ដែរ​ ប្រសិនបើ​ស្វាយចន្ទី​នោះ​​ត្រូវ​គេ​បញ្ជាក់​ថា​ ជា​ស្វាយចន្ទី​សរីរាង្គ​។​ គ្រួសារ​កសិករ​ដាំ​ស្វាយចន្ទី​​ភាគច្រើន​ប្រើប្រាស់​ថ្នាំ​គីមី​តិចតួច​ ឬ​មិន​​ប្រើ​សោះតែ​ម្ដង​។​ ដូច្នេះ​ផលិតផល​ភាគច្រើន​​គឺជា​ផលិតផល​សរីរាង្គ​។​

​ស្វាយចន្ទី​កម្ពុជា​ អាច​លក់​បាន​​ក្នុង​តំលៃ​កាន់តែ​ខ្ពស់​ប្រ​សិន​​បើ​ស្វាយចន្ទី​នោះ​ត្រូវ​គេ​បញ្ជាក់​ថា​ ជា​ស្វាយចន្ទី​សរីរាង្គ​។​ នេះ​គឺជា​ ប្រយោគ​មួយ​ដែល​បាន​ថ្លែង​ដោយ​លោក​រា​ហ្វែ​ល​ ដូ​ចាវ​ ម៉ូ​រេណូ​ (Rafael​ Dochao​ Moreno)​ ភារៈធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​

​លោក​មាន​ប្រសាសន៍​ទៀត​ថា​ គ្រួសារ​កសិករ​ដាំ​ស្វាយចន្ទី​​ភាគច្រើន​ប្រើប្រាស់​ថ្នាំ​គីមី​តិចតួច​​ឬ​មិន​ប្រើ​សោះតែ​ម្ដង​។​ ដូច្នេះ​ ផលិតផល​ភាគច្រើន​​គឺជា​ផលិតផល​សរីរាង្គ​។​ លទ្ធផល​ទទួល​បាន​​ពី​ការ​បណ្ដុះបណ្ដាល​កសិករ​ដាំ​ដុះ​ស្វាយចន្ទី​ជាង​៤០០០​គ្រួសារ​បង្ហាញ​​ឱ្យ​ឃើញ​ថា​ ការ​ទទួល​វិញ្ញាបនបត្រ​សរីរាង្គ​សំរាប់​កសិករ​អាច​សំរេច​​បាន​យ៉ាង​ល្អ​ ហើយ​ការ​កែ​លំអ​សាមញ្ញៗ​​លើ​បច្ចេកទេស​ដាំ​ដុះ​ ការ​ប្រមូល​ផល​ និង​ការ​ទុកដាក់​អាច​ធ្វើ​ឱ្យ​ផលិតកម្ម​ស្វាយចន្ទី​មាន​​ភាពល្អ​ប្រសើរ​យ៉ាងច្រើន​។​

​លោក​ឆាល​ ស្នៃ​ឌ័​រ​ (Chales​ Schneider)​ ​តំណាង​ស្ដីទី​របស់​សារ​ជីវ​កម្ម​​​ហិរញ្ញវត្ថុ​​អន្ដរជាតិ​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ តម្រូវការ​ស្វាយចន្ទី​​លើ​ពិភពលោក​ក្នុង​រយៈពេល​វែង​កំពុង​តែ​មាន​កំណើន​ឡើង​។​  នេះ​ជា​​​កាលា​នុ​វ​ឌ្ឍ​ភាព​របស់​កម្ពុជា​​ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​និន្នាការ​​នេះ​តាម​រយៈ​ការ​ជំរុញ​ឱ្យ​មានការ​កែ​ច្នៃ​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​​ប្រទេស​ជា​ជាង​ការ​នាំ​ចេញ​ស្វាយចន្ទី​ មិន​ទាន់​កែ​ច្នៃ​ស្ទើរតែ​ទាំងអស់​​ទៅ​ឱ្យ​ប្រទេស​ផ្សេង​កែ​ច្នៃនិង​លក់​ទៅ​ប្រទេស​ទី​បី​។​ ពេល​បច្ចុប្បន្ន​ ជា​ពេលវេលា​ដ៏​ប្រសើរ​សម្រាប់​កម្ពុជា​ ក្នុង​ការ​បង្កើត​ឱ្យ​មាន​​​ឧស្សាហកម្ម​កែ​ច្នៃ​ស្វាយចន្ទី​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ ព្រោះថា​​តម្រូវការ​ និង​តម្លៃនៅលើទីផ្សារ​អន្ដរជាតិ​មាន​លក្ខណៈ​ល្អ​ប្រសើរ​​និង​ច្បាស់លាស់​ ។​

លោក​បន្ថែម​ថា​ប្រសិនបើ​ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​ក្នុងស្រុក​ អាច​បំពេញ​បាន​តាម​បទដ្ឋាន​អន្ដរជាតិ​លើ​ផ្នែក​អនាម័យ ​​សុខភាព​ និង​​ សុវត្ថិភាព​ ​ពួក​គាត់​អាច​ធានា​ចំពោះ​ខ្លួន​គាត់​ថា​​ គាត់​នឹង​មាន​ទីផ្សារ​​ដែល​គួរ​ឱ្យ​ជឿជាក់​បាន​​និង​តម្លៃ​ខ្ពស់​ ។​ ទាំងនេះ​អាច​ជួយ​ ពង្រីក​ វិស័យ​ស្វាយចន្ទី​ក្នុងស្រុក​ បង្កើត​ការងារ​ និង​បង្កើន​ប្រាក់​ចំណូល​យ៉ាង​​ច្រើន​ដល់​កសិករ​ដាំ​ស្វាយចន្ទី​ ។​

ដោយ​យោង​តាម​ការ​សិក្សា​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ ដោយ​សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​​រួម​សហការ​ជាមួយ​សហភាព​អឺរ៉ុប​ ហ្វាំ​ង​ឡង់​ អៀ​កឡង់​ ហូល្ល​ង់​ ណូ​វែ​ល​ហ្សេ​ឡង់​ និង​ស្វី​ស​ និង​ក្រសួង​ឧស្សាហកម្ម​​រ៉ែ​​និង​ថាមពល​ បង្ហាញ​ថា​ នៅ​ក្នុង​វិស័យ​​ស្វាយចន្ទី​កម្ពុជា​គម្រោង​បាន​ជួយ​ពង្រីក​សមត្ថភាព​សមាគម​ស្វាយចន្ទី​ និង​ក្រុមហ៊ុន​ស្វាយចន្ទី​ ដែល​ទើប​បង្កើត​ថ្មី​ និង​កំពុង​រីក​លូតលាស់​ខ្លាំង​ ដើម្បី​ឱ្យ​ពួក​គេ​អាច​បណ្ដុះបណ្ដាល​ និង​ផ្ដល់​ការ​គាំទ្រ​ដល់​កសិករ​ខ្នាត​​តូចតាច​ក្នុង​ទំរង់​ផ្សេងៗ​ទៀត​ ។​

ជា​ការ​ពិត​ នៅ​ប្រទេស​កម្ពុជា​គេ​អាច​ដាំ​ដំណាំ​មួយ​ប្រភេទ​នេះ​បាន​​គ្រប់​តំបន់​ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កត់សម្គាល់​បាន​នោះ​គឺ​នៅ​ខេត្ដ​រតនគីរី​ មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ដំណាំ​​ស្វាយចន្ទី​ បាន​និង​ត្រូវ​បាន​កសិករ​​យកចិត្ដ​ទុក​យ៉ាង​ខ្លាំង​។​ ស្វាយចន្ទី​ បាន​និង​កំពុង​ត្រូវ​​បាន​ឈ្មួញ​ ដើរ​ម៉ៅ​ចម្ការ​នានា​ ដោយ​ឱ្យ​តម្លៃ​​រហូត​ដល់​ ៥០០០​រៀល​ក្នុង​​១​គីឡូក្រាម​ ។​

​លោក​ សយ​ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​រតនគីរី​ បាន​​មាន​ប្រសាសន៍​ថា​ ផលដំណាំ​ស្វាយចន្ទី​មានការ​កើនឡើង​ច្រើន​។​

​ស្វាយចន្ទី​ដែល​អាច​ប្រមូល​ផល​បាន​​នៅ​ទូ​ទាំង​ខេត្ដ​រតនគីរី​មាន​ចំនួន​ ១៥.៨៧៥​ ហិ​កតា​ ដោយ​ក្នុង​១​ហិ​កតា​ជា​មធ្យម​បាន​ផល​ ៥០០​គីឡូក្រាម​។​ លោក​បានឱ្យ​ដឹង​ទៀត​ថា​ មាន​​ឈ្មួញ​ដើរ​ម៉ៅ​ចម្ការ​ស្វាយចន្ទី​ហើយដោយ​​គេ​ឱ្យ​តម្លៃ​​គ្រាប់ស្វាយចន្ទី​១​គីឡូក្រាម​ ៥០០០​ រៀល​គឺ​បាន​ថ្លៃ​ជាង​មុន​ដល់​ទៅ​ប្រមាណ​ជា​​២០០០​រៀល​។​ កាលពី​ឆ្នាំ​២០១០​ គ្រាប់ស្វាយចន្ទី​១​គីឡូក្រាម​បាន​ថ្លៃ​តែ​ប្រមាណ​ជា​ ៣០០០​រៀល​ទេ​ ហើយ​នៅ​ទូ​ទាំង​ខេត្ដ​ប្រមូល​ផល​បាន​ចំនួន​ប្រមាណ​ជា​ ៨.៤០០​តោន​។​ ដំណាំ​​ស្វាយចន្ទី​នៅ​ខេត្ដ​រតនគីរី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ​ មិន​មានការ​ដាំ​ថ្មី​បន្ថែម​ទេ​ហើយ​ក៏​មិន​មាន​ចលនា​កាប់​ចោល​ដោយ​រូបភាព​​ធំដុំ​ ដើម្បី​ដាំ​ដំណាំ​អ្វី​ផ្សេង​ទៀត​ដែរ​។​

សូម​បញ្ជាក់​ថា​ តាម​រយៈ​​ការ​សិក្សា​​របស់​សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​ (IFC)​ ដែល​ជា​សមាជិក​របស់​ក្រុម​ធនាគារពិភពលោក​ បាន​​ ​បង្ហាញ​​ថា​ឧស្សាហកម្ម​ស្វាយចន្ទី​កម្ពុជា​អាចរក​ប្រាក់​​ចំណូល​បាន​ពី​​៣០​​ទៅ​​៤០​​លាន​​ដុល្លារ​​ បន្ថែម​ទៀត​​ក្នុង​មួយ​ឆ្នាំ​ និង​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​ក្រីក្រ​ បើសិនជា​​មានការ​កែ​ច្នៃ​​កាន់តែ​ច្រើន​​ឡើង​នៅ​កម្ពុជា​។​

-គុណប្រយោជន៍គ្រាប់ស្វាយចន្ទី

​គ្រាប់ស្វាយចន្ទី​មាន​ផ្ទុក​ទៅ​ដោយ​​ខ្លាញ់​ monounsaturated​ ដែល​ល្អ​ចំពោះ​​សុខភាព​ សរសៃឈាម​បេះដូង​ ពីព្រោះ​ខ្លាញ់​ monounsaturated​ កាត់​បន្ថយ​កម្រិត​ triglyceride​ ខ្ពស់​ដែល​ជាប់​ទាក់ទង​​នឹង​​ការ​បង្កើន​​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។​ គ្រាប់​ ស្វាយចន្ទី​សំបូរ​ទៅ​ដោយ​អង់​ទី​​អុក​ស៊ី​ឌែ​ន​ (antioxidants)​ ដែល​ជួយ​កំចាត់​ចោល​នូវ​​រ៉ា​ឌី​កាល់​​សេរី​ (free​ radicals)​ ដែល​អាច​ ជា​មូលហេតុ​នៃ​មហារីក​មួយ​​ចំនួន​។​

​គ្រាប់ស្វាយចន្ទី​ជា​អាហារ​ថាមពល​ គ្មាន​កូ​ឡេ​ស្ដេ​រ៉ូ​ល​ជួយ​រក្សា​សុខភាព​អញ្ចាញធ្មេញ​ និង​ធ្មេញ​បាន​ល្អ​។​ គ្រាប់ស្វាយចន្ទី​ជា​​ប្រភព​នៃ​ម៉ាញេ​ស្យូ​ម​ (magnesium)​ ដែល​ជាតិ​ខនិជ​នេះ​ធ្វើការ​​ជាមួយនឹង​កាល់ស្យូម​ (calcium)​ ដើម្បី​ជួយ​ផ្ដ​ត់​ផ្គង់​ដល់​សាច់ដុំ​ និង​ឆ្អឹង​នៅ​ក្នុង​ខ្លួន​ឱ្យ​មាន​សុខភាព​ល្អ​។​

គ្រាប់ស្វាយចន្ទី​មាន​កំហាប់​ថាមពល​ខ្ពស់​ និង​មាន​ចំនួន​ជាតិ​សរសៃ​ខ្ពស់​សម្រាប់​ការ​​តម​អាហារ​ ដោយ​វា​មាន​ទាំង​កំហាប់​ថាមពល​ និង​​ចំនួន​ជាតិ​សរសៃ​ខ្ពស់​គឺ​អាច​ចាត់​ទុក​ថា​ វា​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​​គ្រប់គ្រង​ទម្ងន់​ ប៉ុន្ដែ​​នៅ​ពេល​ដែល​ទទួលទាន​ល្មមតែ​ប៉ុណ្ណោះ​។​

​គ្រាប់ស្វាយចន្ទី​គឺ​មាន​ផ្ទុក​ជាតិ​​ទង់ដែង​ខ្ពស់​ គឺ​សំខាន់​ក្នុង​ការ​​ផលិត​ថា​ម​​ពល​អាច​ផ្លាស់​ប្ដូរ​បាន​នៅ​ក្នុង​បំពង់​​សរសៃ​​​​ឈាម​  ឆ្អឹង​ និង​សន្លាក់ឆ្អឹង​។​ ការ​បរិភោគ​​គ្រាប់ស្វាយចន្ទី​ជួយ​រាង​កាយ​ប្រើប្រាស់​​ជាតិ​ដែក​ដើម្បី​​កំចាត់​នូវ​រ៉ា​ឌី​កាល់​សេរី​ និង​​ជួយ​ឱ្យ​ឆ្អឹង​ មានការ​លូតលាស់​ ៕

​