
ម៉ាកសែនសូនីតាហ៊ឺហាប្លែក
ដោយ ៖ វឌ្ឍនា ថ្ងៃទី 16 វិច្ឆកា 2011ម៉ោង 09:24:17
ប្រជាប្រិយភាពរបស់តារាសម្ដែងស្រីវ័យក្មេង ម៉ាក សែនសូនីតា នៅតែបន្ដហក់ឡើងក្រោយពីការងារសិល្បៈជាច្រើនត្រូវបាននាងក្រសោបបានទាំងការសម្ដែង ច្រៀង ពិធីការិនី និងការបង្ហាញម៉ូតសម្លៀកបំពាក់ ។ ក្រៅពីរីកចម្រើនលើការងារសិល្បៈ នាងក៏ត្រូវបានគេកត់សម្គាល់ឃើញថា មានការប្រែប្រួលផ្នែកជីវភាពយ៉ាងរហ័ស ផ្ទុយពីសិល្បការិនីរួមជំនាន់ ។
គេចាំបានថា ម៉ាក សែនសូនីតា ចាប់ផ្ដើមជ្រមុជខ្លួនក្នុងពីភពសិល្បៈកាលពីអំឡុងឆ្នាំ២០០៧ ដោយនាងបានចូលរួមប្រកួតក្នុង កម្មវិធី “កញ្ញាឯក Bridgestone” ដែលកាលនោះនាងទើបមានវ័យ១៣ឆ្នាំប៉ុណ្ណោះ ។ គេក៏ចាំបានថា ការឈានជើងចូលសិល្បៈ ដំបូងរបស់នាង គឺមិនសូវមានអំណោយផលការងារច្រើនប៉ុន្មានឡើយ ។ រីឯផ្នែកជីវភាពវិញក៏មិនធូរធារដែរគឺ នាងធ្វើដំណើរដោយជិះម៉ូតូឌុបក្រោមកំដៅថ្ងៃ និងហ៊ុំព័ទ្ធដោយល្អងធូលីរាប់លានម៉ូលេគុលតោងខ្លួនប្រាណ ។ ទាះជាយ៉ាងណា នាងនិងម្ដាយអាចមានលទ្ធភាពគ្រាន់បើបន្ទាប់ពីការងារសិល្បៈរបស់ ម៉ាក សែនសូនីតា ចាប់ផ្ដើមហុចផ្លែផ្កា ។ នាងអាចទិញរថយន្ដប្រណិតទំនើបតម្លៃរាប់ម៉ឺនដុល្លារជិះយ៉ាងត្រជាក់ចិត្ដ ។ មិត្ដរួមអាជីពតែងកោតសរសើរនាងក្រោយពីជីវភាពនាងមានការប្រែប្រួលពិសេសលើការនិយមប្រើប្រាស់សម្ភារៈទំនើបៗថ្លៃៗ ដែលតារាមួយចំនួនពិបាករកបានដូចនាង ។ អ្វីដែលគួរឱ្យកត់សម្គាល់ពីការប្រែប្រួលផ្នែកជីវភាព គឺនាងអាចហក់ឈោងចាប់អាជីពថ្មីមួយដែលចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ គឺការបើកទទួលរៀបចំតុបតែងផ្កាស្រស់ បើកវង់តន្ដ្រីសម័យ និងពង្រីកទីតាំងលក់គ្រឿងអលង្ការរបស់ម្ដាយនាងផងដែរ។
ម៉ាក សែនសូនីតា ហៅតូតាប្រាប់ “នគរវត្ដ” ថា ទាំងការងារសិល្បៈនិងការប្រកបការងារថ្មីរបស់នាងកំពុងតែមមាញឹកច្រើន ពិសេសនាអំឡុងខែប្រាំងខាងមុខ ។ នាងប្រាប់ថាសព្វថ្ងៃនាងកំពុងថតខ្សែភាពយន្ដឱ្យផលិតកម្មប្រាសាទកោះកែវរឿង “សង្វៀនមរណៈ” ហើយក្រៅពីនេះក៏មមាញឹកនឹងការថតស្ប៉តផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្ហាញម៉ូតសម្លៀកបំពាក់ ការច្រៀងតាមកម្មវិធីកម្សាន្ដចុងសប្ដាហ៍របស់ស្ថានីយទូរទស្សន៍នានា និងការធ្វើជាពិធីការិនីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី “តន្ដ្រីសុខសប្បាយ” និង “ជំហានតារា” ។ ងាកមកការងាររកស៊ីវិញ តារាស្រីវ័យ១៧ឆ្នាំរូបនេះប្រាប់ថា កំពុងដំណើរការដោយរលូនដោយសារទទួលបានការគាំទ្រច្រើនពីអតិថិជន ។ នាងបញ្ជាក់ដែរថា ការបើកមុខរបរថ្មីនេះ ត្រូវចំណាយប្រាក់ប្រមាណ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយនាងនិងបងប្រុសជាអ្នកមើលការខុសត្រូវ ។
កន្លងមកការប្រែប្រួលយ៉ាងឆាប់រហ័សរបស់សិល្បករសិល្បការិនីត្រូវបានគេទាញក្ដីសន្និដ្ឋានរួមៗថាស្ថិតនៅក្រោមការជួយទំនុកបម្រុងពីម្ចាស់ស្នេហ៍ជាថ្នូរទៅនឹងការប្រគល់ក្ដីស្រលាញ់ ។ ទោះបីជាយ៉ាងណា កន្លងមកតារាស្រីវ័យក្មេងរូបនេះធ្លាប់រងនូវពាក្យចចាមអារ៉ាមជាបន្ដបន្ទាប់ថា មានទំនាក់ទំនងស្នេហ៍ជាមួយបុរសមានទ្រព្យ ប៉ុន្ដែសុទ្ធតែត្រូវនាងធ្វើការទាត់ចោល ។
តួឯកស្រីក្នុងរឿង “កំឡោះឡឺកឺ” រូបនេះ បញ្ជាក់ថា ការបើកអាជីវកម្មនិងការប្រែប្រួលផ្នែកជីវភាពរបស់នាងមិនមានបុរសមានទ្រព្យ ណាមកពាក់ព័ន្ធឡើយ ។ នាងប្រាប់ថា “ខ្ញុំពិតជាមានអ្នកជួយមែន ប៉ុន្ដែអ្នកទាំងនោះគឺម៉ាក់និងបងប្រុសប៉ុណ្ណោះ ខ្ញុំអត់ទទួលជំនួយពីអ្នកផ្សេងទេ” ។ នាងបន្ដទៀតថា ក្រុមគ្រួសារនាងមានជីវភាពមធ្យម មានផ្ទះ មានរថយន្ដរស់នៅក្នុងស្ថានភាពសមរម្យប៉ុណ្ណោះ មិនមានអ្វីអស្ចារ្យឡើយ ។ ចំពោះរឿងរ៉ាវស្នេហាវិញ តារារូបនេះប្រាប់ថា មិនទាន់គិតគូរនៅឡើយទេ ព្រោះអនាគតនៅវែងឆ្ងាយ យ៉ាងហោចណាស់ក៏៤ទៅ៥ឆ្នាំទៀតដែរទើបសម្រេចចិត្ដទទួលយកស្នេហា ៕
