
ឯម វិចិត្រ ប្រជែងយកចំណាត់ថ្នាក់លេខ១ក្នុងពូលB ខណៈដែល ខុន ស៊ីចននឹងឆាយ មាស ឡើងវាយបង្គ្រប់កិច្ចនៅស៊ីធីអិន
ដោយ ៖ សារីម ថ្ងៃទី 29 កុម្ភះ 2012ម៉ោង 13:19:14
ភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរ ដើម្បីឈានទៅ ដណ្ដើមយកខ្សែក្រវាត់របស់ក្រុមហ៊ុន ខារ៉ាបាវកាន់តែខិតជិតមកដល់ហើយ នោថ្ងៃសុក្រ ទី២ ខែមីនា ឆ្នាំ២០១២នេះ កីឡាករជើងខ្លាំង២រូបក្នុងពូល B បាន ឡើងមកប្រកួតគ្នាយកចំណាត់ថ្នាក់លេខ ១ ក្នុងពូលដើម្បីទៅប្រកួតខ្វែងជាមួយ នឹងពូល A ។
កីឡាករឯម វិចិត្រ ជើងខ្លាំងមកពី ក្លិបគ្រុឌមានជ័យនៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេសត្រូវជួបប្រកួតជាមួយនឹង កីឡាកររឿម វណ្ណៈ អ្នកជំនាញប្រើស្នៀត វាយកែងសិស្សគុនរបស់សមាគមកីឡា ប្រដាល់ក្រសួងការពារជាតិ ក្នុងកម្រិត ប្រភេទទម្ងន់៦០គីឡូក្រាម ។ ចំណែក អ្នកដែលត្រូវហាលអាវត្រឡប់ទៅផ្ទះ វិញក្នុងជុំទី៥នេះ គឺកីឡាករខុន ស៊ីចន មកពីកងពលធំអន្ដរាគមន៍លេខ៣ ខេត្ដ ព្រះវិហារ ត្រូវជួបប្រកួតបង្គ្រប់កិច្ចជា មួយកីឡាករឆាយ មាស មកពីក្លិប តេជៈរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្ដ ក្រចេះ នៅលើសង្វៀនទូរទស្សន៍ស៊ីធីអិន។
ឯម វិចិត្រ មានពិន្ទុសរុបចំនួន១២ ពិន្ទុប្រកួតចុងក្រោយឈ្នះផាន់ សុវណ្ណ ដោយសុវណ្ណ បោះបង់ការប្រកួតត្រឹម ទឹកទី១ ពីព្រោះមិនអាចស៊ូទ្រាំនឹងស្នៀត កែង ជង្គង់ ព្រមទាំងកណ្ដាប់ដៃវាយម៉ាត់ យ៉ាងលឿនរបស់វិចិត្របាន ។ រីឯរឿម វណ្ណៈ គេក៏ទទួលបានការគាំទ្រច្រើនពី សំណាក់ទស្សនិកជនផងដែរ ព្រោះនៅ ក្នុងការប្រកួតចុងក្រោយរបស់គេ ឈ្នះ ឆាយ មាស ដោយឆាយ មាស បោះបង់ ការប្រកួតក្នុងទឹកទី៤ ប៉ុន្ដែរឿម វណ្ណៈ ក៏ មានស្នាមបែកផងដែរ ដូច្នេះ៤ប្រកួត របស់រឿម វណ្ណៈ មានពិន្ទុសរុបចំនួន ១២ពិន្ទុ ។
ចំពោះឯម វិចិត្រ និងរឿម វណ្ណៈ ពួក គេធ្លាប់ជួបប្រកួតគ្នាម្ដងនៅសង្វៀន ទូរទស្សន៍បាយ័នបឹងស្នោ ដោយវិចិត្រ ជាអ្នកឈ្នះពិន្ទុ ។ ទន្ទឹមនឹងការឈ្នះពិន្ទុពី សំណាក់កីឡាករឯម វិចិត្រ កាលនោះ គឺដោយសាររឿម វណ្ណៈ មិនទាន់ត្រៀម លក្ខណៈបានគ្រប់គ្រាន់នៅឡើយទេ ពី ព្រោះគេទើបតែផ្លាស់ប្ដូរក្លិបពីខេត្ដ បាត់ដំបង មកសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិបានជាង២ខែប៉ុណ្ណោះ។ ដោយឡែកកីឡាករ ឯម វិចិត្រ គឺជាខ្លា ចាស់ទៅហើយ ពាក់ព័ន្ធនឹងការប្រកួត ខាងលើនេះ កីឡាករឯម វិចិត្រ តែងតែ បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន នគរវត្ដជារឿយៗយ៉ាងដូច្នេះថា “ចំពោះ ខ្ញុំពុំធ្លាប់គិតថាដៃគូប្រកួតខ្សោយជាងខ្ញុំ ឡើយ ផ្ទុយទៅវិញខ្ញុំតែងតែចាត់ទុកអ្នក ដែលត្រូវមកជួបប្រកួតជាមួយខ្ញុំ សុទ្ធ តែខ្លាំងជាងខ្ញុំទាំងអស់គ្នាហ្នឹង” ។
កីឡាកររូបនេះក៏ធ្លាប់បានបញ្ជាក់ពី ហេតុផលប្រាប់កាសែតនគរវត្ដថា “កាល ណាខ្ញុំឱ្យតម្លៃគូប្រកួតរបស់ខ្ញុំខ្លាំងជាង គឺធ្វើឱ្យរូបខ្ញុំខិតខំព្យាយាមហ្វឹកហាត់ ឡើងថែមទៀត ប៉ុន្ដែបើខ្ញុំឱ្យតម្លៃខ្លួនឯង ថាជាអ្នកខ្លាំងនោះ គឺនឹងធ្វើឱ្យខ្លួនឯង មានមោទនភាពជ្រុល ដែលនឹងនាំមកនូវ ការបរាជ័យថ្ងៃណាមួយពុំខាន” ។ វិចិត្រ បន្ដទៀតថា “បើទោះបីខ្ញុំធ្លាប់បានឈ្នះ ពិន្ទុម្ដងក៏ដោយចុះក៏ខ្ញុំពុំធ្លាប់គិតថា វណ្ណៈអន់នោះដែរ។ ម្យ៉ាងវិញទៀតការ ប្រកួតវិលជុំកន្លងមក វណ្ណៈហាក់មានការ រីកចម្រើនទ្វេដង ចំណុចពិសេសគឺកម្លាំង ស៊ុហ្វ និងស្នៀតវាយរបស់គេល្អច្រើន” ។
ទោះបីជាកីឡាករទាំង២សុទ្ធតែមាន ប្រវត្ដិខ្លាំងថែមទាំងឈ្នះការប្រកួតវគ្គ ជម្រុះវិលជុំទាំង៤ប្រកួតដូច្នេះក៏ដោយ ក៏អ្នកវិភាគកីឡាក្នុងស្រុកពុំហ៊ានសន្និ ដ្ឋានថា កីឡាករម្នាក់ណាអាចទទួលជ័យ ជម្នះក្នុងការជួបគ្នាឡើងទៅវគ្គខ្វែងពូល នោះដែរ ។ ចំពោះទឹកលុយនៅទីផ្សារ ភ្នាល់វិញ គឺស្មើទៅស្មើមក ប្រសិនបើ មានការប្រែប្រួល គឺចាប់ពីទឹកទី៣ទៅ ខណៈពេលដែលពួកគេទាំង២នាក់មាន នរណាម្នាក់ថមថយកម្លាំង ឬក៏អសមត្ថ ភាពនូវចំណុចណាមួយនោះ ៕
