
កូនសំណព្វចិត្ដមេគយខេត្ដកំពង់ចាមមានប្រពន្ធហើយតាមរំខានស្រលាញ់ប្រពន្ធគេទៀត
ដោយ ៖ សុខ ខេមរា ថ្ងៃទី 13 មិថុនា 2012ម៉ោង 09:30:13
ភ្នំពេញ ៖ កូនមេគយខេត្ដកំពង់ចាមត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យាចំនួន២លើករួចមកហើយពាក់ព័ន្ធទៅនឹងការរំខានទៅលើក្រុមគ្រួសារអ្នកដទៃ បន្ទាប់ពីខ្លួនមានប្រពន្ធហើយ នៅតែភ្លើតភ្លើនតាមស្រឡាញ់នារីម្នាក់ និងបង្កបញ្ហាដោយសារតែអំណាចទឹកប្រាក់ និងឥទ្ធិពលរបស់ឪពុកជាប្រធានសាខាគយ និងរដ្ឋាករខេត្ដកំពង់ចាម ។
កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១២ លោកស៊ន សម្បត្ដិ អាយុ៤២ឆ្នាំ រស់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលត្រូវជាឪពុកមានារីរងគ្រោះបាន ប្រាប់កាសែតនគរវត្ដថា បុរសកំហូច ឈ្មោះឃុន ដូរ៉េ អាយុ២៨ឆ្នាំ មុខរបរជា អាជីវករ និងជាកូនសំណព្វចិត្ដរបស់ លោកឃុន រ៉ាន់ ប្រធានសាខាគយ និង រដ្ឋាករខេត្ដកំពង់ចាម ចេះតែមករំខាន ដល់ក្រុមគ្រួសារក្មួយស្រីរបស់គាត់ គឺ តាមស្រឡាញ់ក្មួយស្រីឈ្មោះជ.ឡ. អាយុ២០ឆ្នាំ មានរយៈពេល២ឆ្នាំ បើទោះ ជារូបគេមានប្រពន្ធរួចទៅហើយក្ដី ។
លោកបន្ដថា កន្លងមកខាងក្រុម គ្រួសារនារីរងគ្រោះធ្លាប់ជូនដំណឹងផង ដែរដល់អាណាព្យាបាលរបស់ឃុន ដូរ៉េ មិនតែប៉ុណ្ណោះសមត្ថកិច្ចបានហៅមក ធ្វើកិច្ចសន្យាចំនួន២លើក។ ប៉ុន្ដែរូបគេ នៅតែបង្ហាញពីភាពគឃ្លើនតាមរំខាន ដល់ក្រុមគ្រួសារក្មួយរបស់គាត់(ជ.ឡ.) ហើយពេលនេះ នាងបានរៀបអាពាហ៍ ពិពាហ៍រួចទៅហើយ ក៏នៅតែមករំខានដដែល ។
លោកស៊ន សម្បត្ដិ បន្ដថា កន្លងមក ដោយសារតែការរំខាន គាត់ក៏បង្ខំចិត្ដ យកក្មួយស្រីទៅនៅឯស្រុកកំពង់ត្រាច ខេត្ដកំពត ជៀសផុតពីការរំខាន ហើយក៏ បានរៀបចំគូស្រករឱ្យក្មួយ ដែលពេលនេះ ពួកគេទទួលបានភាពសុខកាយសប្បាយ ចិត្ដជាមួយនឹងក្រុមគ្រួសារ ។ តែឈ្មោះ ឃុន ដូរ៉េ មិនបានបោះបង់អំពើភ្លើតភ្លើន របស់ខ្លួនចោលទេ នៅតែបន្ដមករំខាន ដល់ក្រុមគ្រួសាររបស់ក្មួយគាត់។ ដូច្នេះ ក្នុងនាមក្រុមគ្រួសាររបស់ជនរងគ្រោះ ផ្ទាល់ ក៏ដូចជាក្នុងនាមលោកជាឪពុកមា សូមប្រកាសជាសាធារណៈផងដែរលើ ករណីព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាព សន្ដិសុខផ្ទាល់ខ្លួន ដោយសារបុគ្គលរូបនេះ គាត់ចេះតែមានសកម្មភាពផ្សេងៗមក រំខាន និងធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារ របស់ពួកគេនោះ ។
ក្រុមគ្រួសារដែលរងនូវការរំខានពី កូនលោកមេគយខេត្ដកំពង់ចាម បាន លើកឡើងដែរថា ទង្វើទាំងនេះមិនមែន អាណាព្យាបាលមិនដឹងនោះទេ ព្រោះធ្លាប់ ជូនដំណឹងរួចទៅហើយ។ ប៉ុន្ដែបុរសកំហូច ឃុន ដូរ៉េ អាងអំណាចឪពុកជាមេគយ ក៏ ដូចជាមានទឹកលុយ ចេះតែដើរប្រព្រឹត្ដ អំពើខុសឆ្គងក្នុងសង្គម រំខាននិងប៉ះពាល់ ដល់សុភមង្គលក្រុមគ្រួសារអ្នកដទៃ ដូច្នេះ គួរតែអាណាព្យាបាលដែលមាន មុខមាត់ កិត្ដិយសថ្លៃថ្នូរ ទូន្មានប្រៀនប្រដៅ កូនសំណព្វចិត្ដ ដែលមានប្រពន្ធរួចហើយ នោះ បញ្ឈប់សកម្មភាពទាំងនេះផង ទុកឱ្យ អ្នកដទៃមានសុភមង្គល ព្រោះខ្លួនមាន ប្រពន្ធហើយ ត្រូវគិតពីអនាគតខ្លួនឯង ផងទៅ ។
ពាក់ព័ន្ធនឹងកូនសំណព្វចិត្ដលោកឃុន រ៉ាន់ មេគយខេត្ដកំពង់ចាម អុកឡុកដល់ ក្រុមគ្រួសារអ្នកដទៃនេះ កាសែតនគរវត្ដ មិនអាចទាក់ទងបានទេ ពីលោកឃុន រ៉ាន់ ដែលជាឪពុក កាលពីរសៀលថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១២ ។ ប៉ុន្ដែមានការរិះគន់ ផងដែរថា លោកឃុន រ៉ាន់ មួយថ្ងៃៗក៏មិន អាចដកខ្លួនពីកន្លែងក្លិបអាស៊ានក្នុងក្រុង កំពង់ចាម មិនខុសពីកូនប៉ុន្មាននោះដែរ៕
