
ស្ដ្រីខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនៅតែប្រឈមនឹងគ្រោះថ្នាក់
ដោយ ៖ មរតក ថ្ងៃទី 16 មិថុនា 2012ម៉ោង 08:44:17
ភ្នំពេញ ៖ ស្ដ្រីខ្មែរដែលចេញទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនបញ្ជូនពលករនានាពីប្រទេសកម្ពុជានៅតែប្រឈមបញ្ហាកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិសេរីភាពពីសំណាក់ថៅកែនៅទីនោះផ្ទាល់ បើទោះបីកន្លងមករាជរដ្ឋាភិបាលបានចេញបទបញ្ជាផ្អាកនាំពលករ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្ដការជាមួយអាជ្ញាធរម៉ាឡេស៊ីទប់ស្កាត់បញ្ហាទាំងនេះក៏ដោយ។
ថ្មីៗនេះ ខណៈដែលក្រុមពលការិនីមួយ ចំនួនបានវិលត្រឡប់មកប្រទេសកម្ពុជា វិញ តាមរយៈការជួយសង្គ្រោះពីអាជ្ញាធរ សមត្ថកិច្ច ក៏ដូចជាអង្គការសង្គមស៊ីវិល នោះ គេសង្កេតឃើញពលការិនីជាស្ដ្រី ខ្មែរមួយចំនួនធំ បានសម្ដែងការខកចិត្ដ បន្ទាប់ពីទៅបម្រើការងារតាមផ្ទះនៅ ប្រទេសម៉ាឡេស៊ី ហើយត្រូវម្ចាស់ផ្ទះធ្វើ បាបទាំងលើរាងកាយនិងកម្លាំងពលកម្ម។ បើតាមការបញ្ជាក់របស់ក្រុមពលការិនី ភាគច្រើនដែលវិលត្រឡប់មកប្រទេស កម្ពុជាវិញឱ្យដឹងថា ពួកគេត្រូវបានម្ចាស់ ផ្ទះប្រើឱ្យធ្វើការលើសកម្លាំង បោសសម្អាត ផ្ទះមិនតិចជាង៣-៤ក្នុង១ថ្ងៃ មិនផ្ដល់ អាហារគ្រប់គ្រាន់សម្រាប់បរិភោគ ប្រើ ទារុណកម្មវាយធ្វើបាបនៅពេលដែលពួក គាត់មានកំហុសបន្ដិចបន្ដួច និងខ្លាំងទៀត គេវាយបង្ខំឱ្យរួមភេទ ។
ទុក្ខវេទនារបស់ពលការិនីខ្មែរដែល ធ្វើការនៅម៉ាឡេស៊ីនេះ កញ្ញា ខាន់ ភាន់ ត្រូវបានវិទ្យុជាភាសាខ្មែរមួយស្រង់សម្ដី រៀបរាប់ថា តាមរយៈការបោកបញ្ឆោត របស់ក្រុម PNT រូបនាងបានជឿជាក់ថា ពេលទៅធ្វើការនៅទីនោះ អាចនឹង ប្រមូលបានប្រាក់មួយចំនួន ដើម្បីយក មកផ្គត់ផ្គង់គ្រួសារ ប៉ុន្ដែផ្ទុយស្រឡះ នៅពេលដែលទៅដល់ប្រទេសម៉ាឡេស៊ី១ខែដំបូង គេឱ្យហូប ចុកគ្រប់គ្រាន់ និង ធ្វើការធម្មតា ខណៈ១ខែក្រោយមកម្ចាស់ ផ្ទះចាប់ផ្ដើមកាត់ប្រាក់ខែថ្លៃហូបចុក របស់នាងនិងនៅពេលខ្លះគេមិនឱ្យហូប បាយ ឬហូបបាយតែជាមួយបន្លែសណ្ដែក បណ្ដុះដាក់លាយអំបិលតិចៗ ចំណែក បាយគេផ្ដល់ឱ្យតែបន្ដិចប៉ុណ្ណោះ ។
យុវនារីរូបនេះបន្ដឱ្យដឹងទៀតថា ខ្លួន ត្រូវបានគេបង្ខំឱ្យធ្វើការក្នុង១ថ្ងៃបោស សម្អាតពី៥-៦ផ្ទះ (គ្នា៣នាក់) នៅពេល បោសសម្អាតមិនស្អាតត្រង់កន្លែងណា មួយនោះ គេនឹងវាយធ្វើបាបបង្អត់បាយ ឬពេលខ្លះឱ្យបាយហូបដែរតែបាយទទេ តិចតួច ។ ខាន់ ភាន់ បានរៀបរាប់ឱ្យដឹង ថា មិនមែនមានតែរូបនាងទេ ដែលទទួល ទុក្ខទោសនិងទណ្ឌកម្មនៅម៉ាឡេស៊ី គឺមាន ស្ដ្រីខ្មែរជាច្រើននាក់ទៀតកំពុងត្រូវបាន គេធ្វើទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្ដ នៅទីនោះ ដោយក្រុមហ៊ុនដែលបញ្ជូន ពលការិនីទៅ មិនដែលឃើញអន្ដរាគមន៍ ម្ដងណាឡើយ ។
ដោយឡែកពលការិនីឈ្មោះជា សុខា ដែលមានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង បានរៀបរាប់ពីទុក្ខវេទនា ខណៈទៅបម្រើ ការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីថា រូបនាងត្រូវបានម្ចាស់ផ្ទះបង្ខំឱ្យបោស សម្អាតផ្ទះក្នុង១ថ្ងៃ៤ផ្ទះ ស្ទើរតែរកពេល សម្រាកគ្មាន នៅពេលខ្លះថៅកែបាន វាយធ្វើបាប និងតិះដៀលថែមទៀតផង។ ពលការិនីរូបនេះបន្ដទៀតថា ក្នុងពេល ធ្វើការនៅប្រទេសម៉ាឡេស៊ី នាងមិននឹក ស្មានថាបានវិលត្រឡប់មកស្រុកកំណើត វិញទេ ពីព្រោះការរស់នៅទីនោះប្រៀប បាននឹងឋាននរក ។
ពលការិនីម្នាក់ទៀត ឈ្មោះស្រី មុំ បាននិយាយរៀបរាប់ដែរថា បន្ទាប់ពី ថៅកែធ្វើបាបខ្លួនបានព្យាយាមរត់គេច ចេញពីផ្ទះ ដើរតែលតោលជាច្រើនថ្ងៃ បន្ទាប់មកក៏ត្រូវបាននគរបាលចាប់ខ្លួន។ នាងបន្ដថា នៅពេលបំពេញការងារ គឺ ម្ចាស់ផ្ទះបានបង្ខំឱ្យធ្វើការគ្មានពេលឈប់ សម្រាក និងបានប្រើអំពើហិង្សាជេរត្មេះ តិះដៀល ប្រមាថមើលងាយគ្មានពេល ស្រាកស្រាន្ដ ។
ពិតណាស់ ស្ដ្រីខ្មែរដែលទៅធ្វើការក្នុង ប្រទេសម៉ាឡេស៊ីមួយចំនួន គឺត្រូវបាន គេរំលោភបំពានទាំងផ្លូវកាយនិងផ្លូវចិត្ដ ខ្លះត្រូវបានគេធ្វើទារុណកម្មរហូតដល់ បាត់បង់ជីវិតនិងខ្លះទៀតឆ្អួតក៏មានដោយ សារតែគេធ្វើទារុណកម្មបង្ខំឱ្យធ្វើការ ហួសកម្លាំង មិនមានអាហារហូបចុក គ្រប់គ្រាន់ ។
ដោយមើលឃើញពីទុក្ខវេទនារបស់ ពលការិនីទាំងអស់នេះ នៅថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១១ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានចេញបទ បញ្ជាមួយឱ្យក្រុមហ៊ុនទាំងអស់ផ្អាកនាំ ពលករទៅកាន់ប្រទេសម៉ាឡេស៊ី ។ ចំណែកពលការិនី ដែលធ្វើការនៅទីនោះ ស្រាប់ ត្រូវតែទទួលបានការការពារ ។
នៅរយៈពេលចុងក្រោយនេះគេសង្កេត ឃើញមានក្រុមហ៊ុននាំពលករមួយចំនួនបានប្រកាសបិទទ្វារ។ ការប្រកាសបិទទ្វារ ត្រូវបានប្រជាពលរដ្ឋជាអាណាព្យាបាលមួយចំនួនធំ សម្ដែងការព្រួយបារម្ភកាន់ តែខ្លាំងអំពីសុខទុក្ខរបស់កូនចៅពួកគេ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។
យោងតាមរបាយការណ៍សមាគម ការពារសិទ្ធិមនុស្សអាដហុក ដែលចេញ ផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ គឺក្នុងរយៈពេល៤ខែដើមឆ្នាំ២០១២ សមាគមនេះបានទទួលពាក្យបណ្ដឹងពី ក្រុមគ្រួសារពលការិនីចំណាកស្រុកចំនួន ១៤១ករណី។ ចំនួននេះ គឺមានការកើន ឡើងជាង៥ដង ក្នុងរយៈពេលដូចគ្នាកាល ពីឆ្នាំ២០១១ ។
លោកធន សារាយ ប្រធានសមាគម ការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ ថា ក្នុងចំណោមពាក្យបណ្ដឹងទាំង១៤១ គឺ ៩៤បណ្ដឹងជាករណីបាត់ដំណឹងកូនចៅ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។
ជាការពិតក្រុមគ្រួសារពលករ ពល ការិនី ដែលធ្វើការនៅក្រៅប្រទេស ពិសេសប្រទេសម៉ាឡេស៊ី នៅតាមបណ្ដា ខេត្ដមួយចំនួនបានមកដាក់ពាក្យបណ្ដឹង ស្វែងរកអន្ដរាគមន៍ជួយកូនៗពួកគាត់ ដែលបាត់ដំណឹងសូន្យឈឹង ខណៈទៅ បំពេញការងារតាមរយៈក្រុមហ៊ុនមួយ ចំនួន ខណៈក្រុមហ៊ុនទាំងនោះខ្លះត្រូវបាន ដកអាជ្ញាបណ្ណ ខ្លះបានបិទទ្វារលែងធ្វើ សកម្មភាព ជាហេតុឱ្យពួកគាត់កាន់តែ ព្រួយបារម្ភអំពីសុខទុក្ខកូនចៅខ្លាំងឡើង។ ជាក់ស្ដែងគ្រាន់តែខេត្ដកំពង់ឆ្នាំងមួយ សមាគមការពារសិទ្ធិមនុស្សអាដហុក បានទទួលពាក្យបណ្ដឹងមិនតិចជាង១០០ នោះទេ ។
គួរជម្រាបថា ពលករខ្មែរដែលចេញ ទៅធ្វើការនៅក្រៅប្រទេសភាគច្រើន សម្រាប់ស្ដ្រីទៅបម្រើការងារតាមផ្ទះនៅ ម៉ាឡេស៊ី គឺទៅដោយស្របច្បាប់ ។ ស្រប ច្បាប់គឺដោយសារពួកគាត់ទៅតាមរយៈ ក្រុមហ៊ុនក្នុងស្រុកដែលចុះបញ្ជីត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ ប៉ុន្ដែទោះបីទៅដោយ ស្របច្បាប់ក្ដី ពួកគាត់នៅតែត្រូវបាន គេកេងប្រវញ្ចកម្លាំងពលកម្ម ធ្វើទារុណ កម្ម រំលោភទាំងផ្លូវកាយនិងផ្លូវចិត្ដ ធ្វើ ការលើសកម្លាំងជាដើម ខណៈក្រុមហ៊ុន ដែលនាំពួកគាត់ទៅមិនដែលជួយអន្ដរា គមន៍ ឬក៏ទទួលទោសទណ្ឌណាមួយនៅ ពេលដែលពលករ ពលការិនីត្រូវបានគេ រំលោភបំពាន ខ្លះឆ្កួត ខ្លះស្លាប់នោះ ។
កញ្ញា ខាន់ ភាន់ បានអំពាវនាវសូម ឱ្យពលរដ្ឋខ្មែរគ្រប់រូបកុំប្រាថ្នាចង់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈការ ចាញ់បោកក្រុមហ៊ុនឯកជន ឬភ្នាក់ងារ ក្រុមហ៊ុនដែលតែងតែដើរបោកប្រាស់ សន្យាថា ទទួលបានប្រាក់ខែខ្ពស់ ហូបចុក គ្រប់គ្រាន់ គឺមិនពិតនោះទេ ។ មិនមែន តែ ខាន់ ភាន់ នោះទេ ដែលអំពាវនាវ បែបនេះ ស្ទើរតែគ្រប់ពលការិនីដែលវិល ត្រឡប់មកពីម៉ាឡេស៊ីវិញ ពួកគេក៏តែង តែអំពាវនាវស្រដៀងៗគ្នានេះ ដល់ពល រដ្ឋខ្មែរ ថាកុំឱ្យចាញ់បោកក្រុមហ៊ុននាំទៅ ធ្វើការនៅប្រទេសម៉ាឡេស៊ី ខណៈនៅទីនោះ គឺពិតជាលំបាកខ្លាំងណាស់ ។
គួរបញ្ជាក់ថា បើតាមប្រមុខរាជរដ្ឋា ភិបាល សម្ដេចតេជោ ហ៊ុន សែន នៅ ក្នុងប្រទេសកម្ពុជា គឺកំពុងខ្វះកម្លាំងពល កម្មពី៤-៥ម៉ឺននាក់ ចំនួននេះ ប្រជាពល រដ្ឋខ្មែរ អាចស្វែងរកការងារធ្វើនៅក្នុង ប្រទេសរបស់ខ្លួនបាន ដោយមិនចាំបាច់ ឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសនោះ ទេ ហើយបើទៅសូមឱ្យបងប្អូនប្រជាពល រដ្ឋខ្មែរទាំងអស់ ត្រូវតែសិក្សាឱ្យបាន ច្បាស់ថាក្រុមហ៊ុនដែលនាំទៅនោះ គឺពិត ជាស្របច្បាប់ និងមានការទទួលខុស ត្រូវចំពោះសុវត្ថិភាពពលករដែរឬទេ ៕
