កងរាជអាវុធហត្ថ​ខេត្ដ​ព្រះ​សីហ​នុ​ឃាត់​ជនបរទេស​២​នាក់​សង្ស័យ​ប្រើ​និង​លក់​ថ្នាំ​ញៀន​

ដោយ​ ៖ ឆ្លាម​សមុទ្រ​ ថ្ងៃទី 16 មិថុនា 2012ម៉ោង 16:58:16

ខេត្តព្រះសីហនុ ៖​ ​ជនបរទេស​២​នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ដ​ព្រះ​សីហ​នុ​ឃាត់ខ្លួន​នៅ​ម៉ោង​១២​ ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១២​ ហើយ​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ មាន​ថ្នាំ​ញៀន​មួយ​ចំនួន​ ព្រមទាំង​សម្ភារៈ​ជក់​ផង​ដែរ​ ។​

​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ដ​ព្រះ​សីហ​នុ​ លោក​កែវ​ សុផល​ បាន​ដឹកនាំ​ការ​បង្ក្រាប​ខាងលើ​នេះ​ឱ្យ​ដឹង​ថា​ ជនបរទេស​ត្រូវ​បាន​ឃាត់ខ្លួន​ ១-​ឈ្មោះ​ រ៉ូ​មែន​ រ៉ូ​វ៉ា​គី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​បារាំង​ និង​ទី​២-​ឈ្មោះ​ជុស​ ខន​ណឺ​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជា​ជន​ជាតិ​ណ័​រវេរ​ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ចំណុច​កើតហេតុ​ ក្នុង​ឋានៈ​ភ្ញៀវ​ទេស​ចររយៈពេល​យូរ​ ។​ លោក​បានឱ្យ​ដឹង​ទៀត​ថា​ ជាមួយ​ការ​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​រក​ឃើញ​ម៉ា​ទឹកកក​ទម្ងន់​១០.៤១​ គីឡូក្រាម​ និង​ថ្នាំ​ញៀន​គ្រាប់​ពណ៌​ផ្កា​ឈូក​ចំនួន​៦០​គ្រាប់​កន្លះ​ កញ្ឆា​ចំនួន​៨.​ ៣៧​ក្រាម​ ជាមួយ​គ្នា​នោះ​ បាន​រក​ឃើញ​ជ័រ​ពណ៌​ខ្មៅ​ចំនួន​៣​ដុំ​ អាចម៍​កញ្ឆា​ហើយ​ បាន​ដកហូត​ប្រាក់​ដុល្លារ​១១០​ដុល្លារ​ និង​ប្រាក់​រៀល​២​ម៉ឺន​រៀល​ ។​ ក្រៅពី​វត្ថុ​តាង​ ខាងលើ​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​ សម្ភារៈ​ និង​ប្រដាប់ប្រដា​រជក់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​បន្ទប់​ ។​

​គួរ​បញ្ជាក់​ថា​ ប្រតិបត្ដិការ​បង្ក្រាប​ ខាងលើ​នេះ​ដែរ​ មានការ​ចូលរួម​ពី​ព្រះ​ រាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ដ​ព្រះ​ សីហ​នុ​ លោក​ រាម​ ច​ន្ធី​ ហើយ​ក្រោយ​ ពេល​បង្ក្រាប​ ជ័រ​ពណ៌​ខ្មៅ​ដែល​គេ​សង្ស័យ​ ជា​អាចម៍​កញ្ឆា​ផង​ និង​អាភៀន​ផង​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ក្រុម​ជំនាញ​ពិសោធន៍​ មើល​ថា​តើ​វា​ជា​ថ្នាំ​ញៀន​ប្រ​បាក​ដ​ឬ​យ៉ាងណា​?​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​កង​រាជ​អាវុធហត្ថ​ទាក់ទង​នឹង​ការ​បង្ក្រាប​ជន​បរ​ទេស​ទាំង​ពីរ​នាក់​ដែល​សង្ស័យ​ថា​លក់​ថ្នាំ​ញៀន​ផង​និង​ជក់​ផង​ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ខែមិថុនា​ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ដ​ព្រះ​សីហ​នុ​ដើម្បី​ចោទប្រកាន់​ និង​បន្ដ​ការ​ស៊ើបអង្កេត​ចំពោះ​ជនបរទេស​ទាំង​ពីរ​នាក់​នេះ​រួច​ហើយ​ ៕