ត្រួតពិនិត្យ​មួក​កញ្ចក់​និង​ស្លាក​លេខ​តែ​រក​ឃើញ​ថ្នាំ​ញៀន​ជិត​១០​កញ្ចប់​

ដោយ​ ៖ ឡូ​ សំអាត​ ថ្ងៃទី 25 មិថុនា 2012ម៉ោង 15:09:54

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ខណៈ​ដែល​ធ្វើ​ ការ​ឆែកឆេរ​ទៅ​លើ​ម៉ូតូ​ ហើយ​ប្រទះ​ ឃើញ​នៅ​ក្រោម​កែប​មាន​ម្សៅ​ក្រាម​ ពណ៌​ស​ ចំនួន​១០​កូន​កញ្ចប់​(​ម៉ា​ទឹកកក​)​ ដែល​ជន​នេះ​ទុកចែកចាយ​និង​ជក់​ខ្លួនឯង​ ។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​មាន​ ថ្នាំ​ញៀន​នៅ​ក្នុង​ម៉ូតូ​របស់​សមត្ថកិច្ច​ នគរបាល​ទួល​ស្វាយព្រៃ​ទី​១​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១៧៣​ កែង​នឹង​ ផ្លូវ​លេខ​៣៦៦​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ ។​

​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ទួល​ស្វាយព្រៃ​បាន​ ឱ្យ​ដឹង​ថា​ ជនសង្ស័យ​រូប​នេះ​គឺជា​មនុស្ស​ ប្រើប្រាស់​គ្រឿងញៀន​ និង​ជួញដូរ​ផង​ដែរ​ មានឈ្មោះ​ញ៉ែ​ម​ វណ្ណ​ដេ​ត​ ហៅ​អា​គោ​ អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​បច្ចុប្បន្ន​ផ្ទះ​ជួល​គ្មាន​លេខ​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ។​

​មុន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជន​ សង្ស័យ​រូប​នេះ​ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ ទួល​ស្វាយព្រៃ​ទី​១​ បាន​ធ្វើការ​ល្បាត​នៅ​ លើ​កំណាត់​ផ្លូវ​ក្នុងភូមិ​សាស្ដ្រ​របស់​ខ្លួន​ ហើយ​ក៏​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ ស្គូ​ពី​ គ្មាន​ស្លាក​លេខ​ មានការ​សង្ស័យ​ក៏​ កាក់​សួរ​និង​ត្រួតពិនិត្យ​ ហើយ​ឱ្យ​បើក​ កែបម៉ូតូ​ឡើង​ ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ ញៀន​១០​កញ្ចប់​តែ​ម្ដង​ ។​ ប៉ុន្ដែ​បើ​តាម​ ចម្លើយ​សារភាព​របស់​អា​គោ​ ដែល​ចាប់​ ខ្លួន​នេះ​ គេ​ថា​ថ្នាំ​ញៀន​ទាំង​អស់នេះ​បាន​ ទិញ​ពី​គេ​យក​មក​ប្រើប្រាស់​ ហើយ​សល់​ មួយ​ផ្នែក​ទៀត​គឺ​ទុក​លក់​ឱ្យ​មិត្ដភក្ដិ​ តែ​ មិន​ទាន់​ដល់​គោលដៅ​ផង​ ក៏​សមត្ថកិច្ច​ ក្របួច​ជាប់​តែ​ម្ដង​ ។​

​ជនសង្ស័យ​រូប​នេះ​មិនមែន​តែ​ប្រើ​ប្រាស់​ និង​ចែកចាយ​តិចតួច​ ឬ​ម្ដង​ពីរ​ដង​នោះ​ទេ​ គឺជា​ញឹកញយ​ តែ​សមត្ថកិច្ច​មិន​ ចាប់អារម្មណ៍​ ទើបតែ​នៅ​ថ្ងៃ​ទី​២៤​ ខែ​ មិថុនា​ ឆ្នាំ​២០១២​ ខណៈ​ដែល​ឃើញ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ក៏​ឃាត់​សួរនាំ​ឆែក​ឆេរ​ឃើញ​តែ​ម្ដង​ ៕