កម្លាំង​ចម្រុះ​ខេត្ដ​ឆ្មក់​ចូល​លំនៅ​ឋាន​ទិញ​លក់​សត្វព្រៃ​ចាប់​បាន​សត្វ​ជា​ច្រើន​ប្រភេទ​

ដោយ​ ៖ ស៊ា​ង​ឡាយ​ ថ្ងៃទី 04 កក្កដា 2012ម៉ោង 15:50:23

​ខេត្ដក្រចេះ​ ៖​ សមត្ថកិច្ច​ចម្រុះ​រួម​មាន​កម្លាំង​កង​រាជ​អាវុធ​ហត្ដ​លើ​ផ្ទៃ​ប្រទេស​ អង្គការ​រ​វ៉ា​យ​អេ​ត​ និង​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្ដាល​ខេត្ដក្រចេះ​  ដឹកនាំ​ដោយ​លោក​អ៊ូ​ វ​ណ្ណា​រ៉​ត​ មន្ដ្រី​រដ្ឋបាល​ ព្រៃឈើ​ថ្នាក់​កណ្ដាល​ខេត្ដ​បាន​ឆ្មក់​ចូល​លំនៅ​ឋាន​របស់​ជនសង្ស័យ​មួយ​កន្លែង​ ដែល​លួចលាក់​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១២​ ស្ថិត​ក្នុងភូមិ​ត្រ​ញំ​ង​ព្រីង​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ ។​

​ក្នុង​ការ​ចុះ​ឡោម​ព័ទ្ធ​លំនៅ​ឋាន​ទិញ​ដុក​សត្វព្រៃ​ខុសច្បាប់​ខាងលើ​សមត្ថកិច្ច​ បាន​រុករក​ឃើញ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ រួម​មាន​សត្វ​អណ្ដើក​,​ សត្វ​ត្រកួត​,​ សត្វ​ពស់​ និង​សត្វ​ក​ន្ថា​យ​ សរុប​ទាំងអស់​ទម្ងន់​៧៦​គីឡូក្រាម​ ។​ មន្ដ្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​រកស៊ី​ទិញ​លក់​ស្ដុក​ទុក​សត្វព្រៃ​ខាងលើ​នេះ​ឈ្មោះ​ជា​ ណា​វី​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ត្រ​ញំ​ង​ព្រីង​ សង្កាត់​-​ក្រុង​ក្រចេះ​ ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​យក​មក​សាកសួរ​ ។​

​អ្នក​ភូមិ​រស់នៅ​ក្បែ​ផ្ទះ​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​​ ឈ្មោះ​ជា​ ណា​វី​ នេះ​ បាន​ប្រកប​របរ​ទិញ​សត្វព្រៃ​ខុសច្បាប់​ យក​មក​ស្ដុ​ប​ទុក​ក្នុង​លំនៅ​ឋាន​របស់​ខ្លួន​ជា​យូរ​មក​ហើយ ​ពុំដែល​បានឃើញ​សមត្ថកិច្ច​ណា​ចុះ​មក​បង្ក្រាប​នោះ​ទេ​ ទើបតែ​ថ្ងៃនេះ​ឈ្មួញ​ខាងលើ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឡោម​ព័​ទ័​ចាប់​នឹង​រឹប​អុស​បាន​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ ។​ សត្វ​ទាំង​នេះ​ត្រូវ​បាន​ឈ្មួញ​ទិញ​បន្ដ​ពី​អ្នក​ភូមិ​ ដែល​រស់នៅ​ក្នុង​ព្រៃ​ លុះ​ទិញ​ស្ដុក​ទុក​ បាន​ច្រើន​ទើប​ឈ្មួញ​ខាងលើ​យក​ទៅ​លក់​បន្ដ​ឱ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម​ ។​

​មន្ដ្រី​អង្គការ​រ​វ៉ា​យ​អេ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សត្វព្រៃ​ដែល​សមត្ថកិច្ច​រឹបអូស​ បាន​ទាំង​អស់នេះ​ខាង​អង្គការ​របស់​លោក​ នឹង​រៀបចំ​គំរោង​យក​ទៅ​ព្រ​លែង​នៅ​ក្នុង​ព្រៃ​វិញ​ ចំណែកឯ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕