ស្លាប់​និង​បាត់​ខ្លួន​៧១​នាក់​ដោយ​គ្រោះ​ទឹកជំនន់​នៅ​ឥណ្ឌា

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 07 សីហា 2012ម៉ោង 14:34:26

​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣១​ នាក់​បាត់បង់​ជីវិត​ និង​៤០​នាក់​ទៀត​បាត់​ខ្លួន​ និង​ជាង​២​ពាន់​នាក់​រង​ផល​ប៉ះពាល់​ ដោយ​គ្រោះ​ទឹកជំនន់​បណ្ដាល​មក​ពី​ ភ្លៀង​ធ្លាក់​ខ្លាំង​វាយប្រហារ​តំបន់​ Uttarkashi​ រដ្ឋ​ Uttarakhand​ ភាគ​ ខាងជើង​ប្រទេស​ឥណ្ឌា​ ។​

​តាម​សារព័ត៌មាន​ឥណ្ឌា​ NDTV​ បាន​ ផ្សព្វផ្សាយ​ថា​ គ្រោះ​ទឹកជំនន់​បង្ក​ឱ្យ​មាន​ការ​បាក់​ដី​ បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ រាប់រយ​ខ្នង​ និង​កួច​ដើមឈើ​ជា​ច្រើន​ទៅ​ ជាមួយ​ផង​ដែរ​ ក្រៅពី​នេះ​នៅ​មាន​ផ្លូវ​ ថ្នល់​ជា​ច្រើន​រង​ការ​ខូចខាត​ ។​

​លោក​ Rajeshkoma​ មន្ដ្រីរ​ដ្ឋា​ភិ​ បាល​នៅ​តំបន់​ដែល​រង​គ្រោះ​បាន​និយាយ​ ទៅ​កាន់​សារព័ត៌មាន​AFP​ ថា​ “​យើងខ្ញុំ​ និង​ក្រុម​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​កន្លែង​ កើតហេតុ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​”​។​ បច្ចុប្បន្ន​ កងកម្លាំង​ជួយ​សង្គ្រោះ​ និង​ កម្លាំងយោធា​បាន​ចូលរួម​ជួយ​សង្គ្រោះ​ ប្រជាពលរដ្ឋ​។​ ពលរដ្ឋ​ជាង​២០០​គ្រួសារ​ ត្រូវ​បាន​ភៀសខ្លួន​ឡើង​ទៅ​កាន់​តំបន់​ខ្ពស់​។​ ក្រសួង​ព្យាករណ៍​ឧតុនិយម​បញ្ជាក់​ ថា​ ភ្លើង​ធ្លាក់​ខ្លាំង​បន្ដ​កើត​មាននៅ​ប៉ុន្មាន​ ថ្ងៃ​ខាង​មុខ​ទៀត​ ។​ មន្ដ្រីជាន់ខ្ពស់​ក្នុង​រដ្ឋ​ Uttarakhand​ បញ្ជាក់​ថា​ ពលរដ្ឋ​ជាង​ ២​ពាន់​នាក់​រង​ផល​ប៉ះពាល់​ និង​២០០​ គ្រួសារ​បាត់បង់​ទីជម្រក​ត្រូវ​ទៅ​រក្ស​នៅ​ បណ្ដោះអាសន្ន​តាម​សាលារៀន​ ។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​DNTV​ បាន​ផ្សាយ​ថា​ នេះ​ជា​គ្រោះ​ទឹកជំនន់​ដ៏​ធំ​បំផុត​ មិន​ធ្លាប់​មាននៅ​តំបន់​Uttakashi​ ក្នុង​ រយៈពេល​៣០​ឆ្នាំ​កន្លង​មក​ ។​
​កាលពី​ខែកក្កដា​ កន្លង​មក​ គ្រោះ​ទឹក​ ជំនន់​ និង​បាក់​ដី​ក៏​បាន​ឆក់​យកអាយុ​ជីវិត​ ពលរដ្ឋ​១២០​នាក់​នៅ​ភាគ​ឦសាន​នៃ​ ប្រទេស​ឥណ្ឌា​ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​២០​លាន​ នាក់​ភៀសខ្លួន​ចោលផ្ទះ​សម្បែង​ ។​

​ចំណែក​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​ បង្ក​ទៅ​ជា​គ្រោះ​ទឹកជំនន់​ពន្លិច​ទីក្រុង​ឡា​ហ័​រ​ ដោយ​តំបន់​ខ្លះ​ទឹក​លិច​ដល់​ជាង​ ពាក់កណ្ដាល​ខ្លួន​មនុស្ស​ចាស់​ធ្វើ​ឱ្យ​សកម្ម​ ភាព​នានា​របស់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ៕