កូនភ្លោះ​៣​នាក់​របស់​សម្ដេច​តេ​ជោ​កើតជា​មួយ​គ្រួសារ​ក្រីក្រ​ទៀត​ហើយ​

ដោយ​ ៖ អ៊ុំ ណូន ថ្ងៃទី 08 សីហា 2012ម៉ោង 16:48:06

​ភ្នំពេញ​ ៖​ កូនភ្លោះ​៣​នាក់​បាន​កើត​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រីក្រ​កាលពី​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​ក្នុងភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ហើយ​កន្លង​មក​គ្រួសារ​ ដែល​ប្រសូត​បានកូន​ភ្លោះ​៣​បែប​នេះ​ សម្ដេច​និង​លោក​ជំទាវ​តែង​ស្រឡាញ់​ និង​ចាត់​ទុកដូចជា​កូន​ជា​ចៅ​ ​តែងតែ​ប្រកាស​ឧបត្ថម្ភ​ផ្ដល់​ថវិកា​ជួយ​ចិញ្ចឹម​ដល់​គ្រួសារ​ណា​ដែល​ប្រសូត​បានកូន​ភ្លោះ​ ពិតប្រាកដ​រហូត​ដល់​៣​នាក់​ទៀត​ផង​ ។​

​ទារក​ទាំង​៣​ដែល​រួម​ផ្ទៃ​ម្ដាយ​តែ​មួយ​នោះ​ឱ​ពុក​ឈ្មោះ​ សោម​ វ​ណ្ណា​ អាយុ​៣០​ ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​និង​ម្ដាយ​ឈ្មោះ​ យន់​ ស្រី​ភី​ អាយុ​២៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាង​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​បើ​តាម​សម្ដី​របស់​ឪពុក​ម្ដាយ​ទារក​ ភ្លោះ​៣​នាក់​នេះ​បាន​និយាយ​ឱ្យ​នគរវត្ដ​ដឹង​ ថា​ លោក​មានកូន​សរុប​ទាំងអស់​៥​នាក់​ ហើយ​កូនភ្លោះ​នេះ​ជា​កូន​ទី​៣​ គឺ​ស្រី​ម្នាក់​ ប្រុស​២​នាក់​ ដោយ​កូន​ទី​១​ ស្រី​អាយុ​៩​ឆ្នាំ​ កូន​ទី​២​ស្រី​ដែរ​ អាយុ​៤​ឆ្នាំ​ និង​កូន​ទី​៣​នេះ​ ស្រាប់តែ​ប្រសូត​បាន​៣​នាក់​តែ​ម្ដង​ ហើយ​នៅ​ពេល​ដែល​ប្រសូត​មក​ កូន​ របស់​លោក​ទាំង​៣​ គឺ​មាន​សុខភាព​ល្អ​ ធម្មតា​ដូច​គេឯង​ ។​

​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា​ ប្រជា​ពល​ រដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ប្រសូត​បានកូន​ភ្លោះ​ ម្ដង​៣​នាក់​ ហើយ​កន្លង​មក​សម្ដេច​តេ​ជោ​ និង​លោក​ជំទាវ​ តែងតែ​ក្រើនរំលឹក​ថា​ ជា​កូន​របស់​សម្ដេច​នោះ​ លោក​លី​ សា​វេ​ត​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ​ ក៏​បានឱ្យ​តំណាង​របស់​លោក​ម្នាក់​ គឺ​ លោកស្រី​ ព្រំ​ រ​ដ្ឋា​ ជា​អភិបាលរង​ខណ្ឌ​ និង​ជា​អនុប្រធាន​សមាគមនារី​ខណ្ឌ​សែន​ សុខ​ រួម​ដំណើរ​ដោយ​លោកស្រី​ ហេង​ ថុ​ល​ អនុប្រធាន​សមាគមនារី​ខណ្ឌ​ និង​ជា​អនុ​ ប្រធាន​អចិ​ន្ដ្រៃ​លោកស្រី​ ពៅ​ ចាន់​ហន​ អនុប្រធាន​ការិយាល័យ​ផែនការ​អភិវឌ្ឍ​ និង​ជា​សមាជិក​សមាគមនារី​ខណ្ឌ​ និង​ លោកស្រី​ សេង​ សុវណ្ណ​ ជា​ជន​បង្គោល​ កិច្ចការ​នារី​សង្កាត់​និង​ជា​ប្រធាន​សមាគម​ នារី​សង្កាត់​ភ្នំពេញ​ថ្មី​ ចុះ​ទៅ​សួរសុខទុក្ខ​ មាតាបិតា​និង​ទារក​ភ្លោះ​ទាំង​៣​នាក់​នៅ​ ក្នុង​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​សូ​វៀត​ នា​រសៀល​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១២​ ដោយ​នាំ​យក​អំណោយ​មួយ​ចំនួន​ដើម្បី​ ឧបត្ថម្ភ​ការ​ខ្វះខាត​ដូច​ជា​សម្លៀក​បំពាក់​ កន្សែង​ ក្រមា​ ទឹកដោះគោឆៅ​២​ឡូត៍​និង​ ប្រាក់​១​លាន​រៀល​ផង​ដែរ​ ។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​អំណោយ​នោះ​ លោកស្រី​ ព្រំ​ រ​ដ្ឋា​ បាន​ជំនួស​មុខ​ឱ្យ​លោក​ លី​ សា​វេ​ត​ អភិបាល​ខណ្ឌ​សែន​សុខ​បាន​ មាន​មតិ​ថា​ នេះ​ជា​អំណោយ​ឱ្យ​លើក​ទី​១​ ដែល​គ្រាន់​ជួយ​ដោះ​ទាល់​ ហើយ​លើក​ ក្រោយ​នឹង​ជួយ​ឧបត្ថម្ភ​បន្ដ​ទៀត​ ។​

​លោក​ សោម​ វ​ណ្ណា​ ជា​ឪពុក​កូនភ្លោះ​ ទាំង​៣​នាក់​បាន​និយាយ​ត្អូញត្អែរ​ថា​ លោក​ ជា​កម្មករ​សំណង់​ ហើយ​ប្រពន្ធ​មិន​មាន​ មុខរបរ​និង​មាន​ជីវភាព​ក្រីក្រ​លំបាក​នៅ​ក្នុង​ការ​ចិញ្ចឹម​កូន​ជា​ច្រើន​បែប​នេះ​ ប៉ុន្ដែ​លោក​មានការ​សប្បាយចិត្ដ​យ៉ាង​ ខ្លាំង​នៅ​ដែល​ប្រសូត​បានកូន​ទាំង​៣​នាក់​ នេះ​ហើយ​មាន​លោក​អភិបាល​ខណ្ឌ​សែន​សុខ​ ជា​ពិសេស​សម្ដេច​តេ​ជោ​នឹង​ជួយ​ គ្រួសារ​គាត់​ ។​ ជា​ចុង​ក្រោយ​លោក​នឹង​ ភរិយា​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​លី​ សា​វេ​ត​អភិបាល​ខណ្ឌ​សែន​សុខ​និង​លោក​ ស្រី​ ព្រមទាំង​លោកស្រី​ ព្រំ​ រ​ដ្ឋា​ អភិបាល​ រង​ខណ្ឌ​សែន​សុខ​ និង​មន្ដ្រី​សាលា​ខណ្ឌ​ ទាំងអស់​ដោយ​ជូនពរ​សូម​ឱ្យ​ជួប​តែ​ សេចក្ដីសុខ​គ្រប់​ប្រការ​ ។​ លោក​ក៏​សូម​ អំពាវនាវ​សុំ​ការ​ជួយ​ឧបត្ថម្ភ​ពី​សម្ដេច​ និង​លោក​ជំទាវ​ និង​សប្បុរសជន​នានា​ ទាំង​ក្នុង​និង​ក្រៅប្រទេស​មេត្ដា​ជួយ​គ្រួសារ​ លោក​ផង​ដែរ​ ពិសេស​កូនភ្លោះ​ទាំង​៣​ នាក់​នេះ​នឹង​ដាច់​ពោះ​ស្លាប់​ ប្រសិនបើ​ គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ ខណៈ​ដែល​គ្រួសារ​របស់​លោក​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ។​

​គួរ​រំលឹក​ផង​ដែរ​ថា​ នៅ​ក្នុង​ខេត្ដ​ កំពង់ចាម​កន្លង​មក​ ក៏​មានកូន​ភ្លោះ​៣​ នាក់​បាន​កើត​នៅ​ក្នុង​គ្រួសារ​កសិករ​មួយ​ ដែល​រស់នៅ​ក្នុងភូមិ​ត្រ​ញំ​ង​រាំង​ ឃុំ​ សូ​សែន​ ស្រុក​ព្រៃឈរ​ ខេត្ដកំពង់ចាម​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដ​ផង​ដែរ​ដោយ​ម្ដាយ​ឈ្មោះ​ សាំង​ សូ​ដា​នី​ អាយុ​២៩​ឆ្នាំ​ ។​ គេ​បានដឹង​ថា​ សម្រាប់​ក្រុម​គ្រួសារ​ណា​ដែល​សម្រាល​ បានកូន​ភ្លោះ​៣​ សម្ដេច​និង​លោក​ជំទាវ​ តែងតែ​ជួយ​ឧបត្ថម្ភ​ថវិកា​និង​សម្ភារ​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​កូន​ភ្លោះ​ទាំង​៣​នាក់​ផង​ដែរ​ ៕