ខូចចិត្ដ​ខាង​ស្រី​ផ្ដាច់​ពាក្យ​លេបថ្នាំ​សម្លាប់​ខ្លួន​ដឹង​ដល់​មាសស្ងួន​ផឹក​ប្រេងម៉ាស៊ីន​ប៉ង​សម្លាប់​ខ្លួន​ដែរ​

ដោយ​ ៖ ទាវ-ស្អាងជ័យ ថ្ងៃទី 17 សីហា 2012ម៉ោង 07:08:28

​ខេត្ដកណ្ដាល​ ៖​ “​បង​ស្ម័គ្រ​អូន​ស្មោះ​ តែ​ទាស់​ចាស់ៗ​ ចិត្ដ​ស្រាល​ប្ដូរផ្លាស់​យក​ជំនូន​ថ្មី​ ស្រឡាញ់​មាស​ពេជ្រ​ជា​ជាង​ភក្ដី​ រៀប​ការកូន​ស្រី​ជាមួយ​ដុល្លារ​...”​ ។​ នេះ​ជា​បទ​ចម្រៀង​របស់​លោក​ អ៊ឹ​ង​ ណា​រី​ ក្រោម​ចំណងជើង​ថា​ “​ខ្មាស​អស់​បក្សា​”​ ដែល​លោក​បាន​ច្រៀង​កាលពី​អំឡុង​ទស​វត្ស​៧០​ ។​ បើ​ទោះបីជា​អតីត​សិល្ប​ករ​រូប​នេះ​បាន​លាចាក​លោក​នេះ​ទៅ​ហើយ​ក្ដី​ ប៉ុន្ដែ​បទ​ចម្រៀង​របស់​លោក​ នៅ​តែ​ដិត​ដក់​ក្នុង​អារម្មណ៍​ប្រជា​ពល​ រដ្ឋ​ខ្មែរ​ស្ទើរតែ​គ្រប់​រូប​នៅឡើយ​ ។​ ម្យ៉ាង​ទៀត​បទ​ចម្រៀង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ តថភាព​សង្គម​ ជា​ពិសេស​រឿងរ៉ាវ​ស្នេហា​ របស់​យុវវ័យ​ តួយ៉ាង​ដូច​ជា​ស្នេហា​ កំលោះ​ក្រមុំ​មួយគូ​ ដែល​ភាគី​កូនកំលោះ​ បានឱ្យ​ចាស់ទុំ​ចូល​ស្ដីដណ្ដឹង​កូនក្រមុំ​តាម​ លំ​អាន​ប្រពៃណី​ដើម្បី​យក​គ្នា​ធ្វើ​ជា​គូគាប់​ កល្យាណ​ថ្ងៃ​អនាគត​ ពេល​ក្រុម​គ្រួសារ​ កូនកំលោះ​បាន​ភ្ជាប់ពាក្យ​អស់​រយៈពេល​ ជិត​១​ឆ្នាំ​កន្លង​មក​ស្រាប់តែ​ចាស់ទុំ​ខាង​ ស្រី​ឃើញ​កំលោះ​រូប​នោះ​តែងតែ​ដើរ​ផឹក​ ស៊ី​ស្រវឹង​ស្ទើរ​មិន​សល់​ថ្ងៃ​ ទើប​ធ្វើ​ឱ្យ​ ចាស់ទុំ​ខាង​ស្រី​បាន​ផ្ដាច់​ពាក្យ​វិញ​។​

ក្រោយ​ពេល​ចាស់ទុំ​ខាង​ស្រី​ផ្ដាច់​ពាក្យ​អស់​រយៈពេល​៥​ថ្ងៃ​កន្លង​មក​​ បណ្ដាល​ឱ្យ​កំលោះ​រូប​នោះ​ខូចចិត្ដ​យ៉ាង​ខ្លាំង​គិត​អ្វី​ ក៏​មិន​ចេញ​ក៏​ដាច់​ចិត្ដ​ទៅ​ទិញ​ថ្នាំ​បំពុល​មក​លាយ​ជាមួយ​ទឹក​លេប​សម្លាប់​ខ្លួន​ បាន​សម្រេច​ដូច​បំណង​ ។​ ​ការ​លេបថ្នាំ​សម្លាប់​ខ្លួន​នេះ​បានឮ​ ដល់​គូ​ដណ្ដឹង​ខាង​ស្រី​ថា​ គូ​ដណ្ដឹង​របស់​ នាង​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​ស្លាប់​បាត់​ ទៅ​ហើយ​ធ្វើ​ឱ្យ​នាង​មាន​ក្ដី​រន្ធត់​យ៉ាង​ខ្លាំង​ ហើយ​ទំនង​ចង់​បញ្ជាក់​ពី​ក្ដី​ស្មោះស្ម័គ្រ​ ដូច​នាង​ទាវ​ចំពោះ​ទុំ​ផង​នោះ​ក៏​បាន​ទៅ​ យក​ប្រេងរំអិល​ចាក់​ម៉ាស៊ីនដេរ​មក​ផឹក​ ដើម្បី​សម្លាប់​ខ្លួន​តាម​គូស្នេហ៍​ដែរ​ ។​ ប៉ុន្ដែ​ការ​ប៉ុនប៉ង​នេះ​មិន​បាន​សម្រេច​ទេ​ ព្រោះ​ក្រុម​គ្រួសារ​ដឹង​ទាន់​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​គូស្នេហ៍​មួយ​ គូ​ដែល​លេបថ្នាំ​សម្លាប់​ខ្លួន​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ភូមិ​ថ្មី​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ បានឱ្យ​ដឹង​ថា​ កំលោះ​ដែល​ដាច់​ចិត្ដ​លេប​ ថ្នាំ​សម្លាប់​ខ្លួន​ ព្រោះតែ​គ្រួសារ​ខាង​ស្រី​ ផ្ដាច់​ពាក្យ​នោះ​ឈ្មោះ​ កើត​ សា​វី​ អាយុ​ ២២​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​ រស់នៅ​ ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​ កំលោះ​ កើត​ សា​វី​ បាន​លេបថ្នាំ​ពុល​អស់​១​ កញ្ចប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ ពេទ្យ​បាន​បន្ដិច​ ដោយ​ថ្នាំ​ជ្រាប​ចូល​ដល់​ បេះដូង​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​។​ ចំណែក​នារី​ដែល​ផឹក​ប្រេងម៉ាស៊ីន​ប៉ង​ សម្លាប់​ខ្លួន​តាម​គូ​ដណ្ដឹង​ដែរ​នោះ​ឈ្មោះ​ អុល​ ផ​ល្លី​ អាយុ​២៣​ឆ្នាំ​ ជា​កម្មការិនី​ រោងចក្រ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ គូ​ ដណ្ដឹង​១​គូ​នេះ​បាន​ភ្ជាប់ពាក្យ​តាំងពី​ខែ​ វិច្ឆិកា​ឆ្នាំ​២០១១​មក​ម្ល៉េះ​ ហើយ​មាន​ គម្រោង​រៀប​ការ​នៅ​ចុងឆ្នាំ​នេះ​ តែ​មក​ ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី១២​ ខែសីហា​ ឆ្នាំ​២០១២​ ខាង​ស្រី​ក៏​បាន​ ផ្ដាច់​ពាក្យ​វិញ​ ដោយ​មិន​ពេញចិត្ដ​កូន​ ប្រុស​ផឹក​ពេក​ ។​ លុះ​មក​ដល់​ថ្ងៃ​កើត​ ហេតុ​ទំនងជា​តូចចិត្ដ​ និង​ខ្មាស​អ្នក​ជិត​ខាង​ផង​ កំលោះ​រង​គ្រោះ​ក៏​បាន​ទិញ​ថ្នាំ​ បំពុល​កុក​២​កញ្ចប់​១​កញ្ចប់​តម្លៃ​៥០០​ រៀល​មក​លាយ​ជាមួយ​ទឹក​ដាក់​ក្នុង​ចាន​ ចង្កឹះ​ផឹក​ដើម្បី​បញ្ចប់ជីវិត​ ។​

​ពេល​ផឹកថ្នាំ​ពុល​រួច​ហើយ​ជន​រង​គ្រោះ​ ក៏​បាន​ដើរទៅ​អង្គុយ​លើ​អង្រឹង​ពេល​នោះ​ប្អូនប្រុស​ឃើញ​មានការ​សង្ស័យ​ថា​ បង​ ប្រុស​ពិតជា​លេបថ្នាំ​ពុល​ ព្រោះ​ឃើញ​ បែកពពុះមាត់​ស្គុល​ទៅ​ហើយ​ ។​ លុះ​ ឃើញ​ដូចនេះ​សាច់ញាតិ​ក៏​ខិតខំ​យក​ម៉ូតូឌុប​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល​ តែ​ដោយ​មន្ទីរពេទ្យ​មិន​ហ៊ាន​ទទួល​ក៏​ បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ តែ​ជា​អកុសល​ ដោយ​ជាតិ​ថ្នាំ​បាន​ជ្រាប​ ចូល​ពេញ​ខ្លួន​ក្រុម​គ្រូពេទ្យ​អស់​លទ្ធភាព​ជួយ​សង្គ្រោះ​រហូត​មក​ដល់​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ដដែល​ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​ទៅ​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ ករណី​ស្លាប់​របស់​កំលោះ​នោះ​ក៏​បាន​ លេចឮ​ដល់​នាង​ អុល​ ផ​ល្លី​ ជា​គូ​ដណ្ដឹង​ ធ្វើ​ឱ្យ​នារី​រូប​នោះ​កើតក្ដី​ក្ដុកក្ដួល​រំជួល​ ចិត្ដ​ក៏​បាន​យក​ប្រេងរំអិល​ម៉ាស៊ីនដេរ​ ទៅ​ផឹក​អស់​កន្លះ​ដប​តូច​ដើម្បី​សម្លាប់​ ខ្លួន​តាម​គូស្នេហ៍​ដែរ​ ។​ ខណៈនោះ​នារី​ជា​ គូស្នេហ៍​បាន​ដួល​សន្លប់​ស្ដូកស្ដឹង​នៅ​ក្នុង​ ផ្ទះ​តែ​ម្នាក់ឯង​ ហើយ​បន្ដិច​ក្រោយមក​ ឪពុក​ម្ដា​យមក​ដល់​ឃើញ​កូនស្រី​សន្លប់​ និង​បានឃើញ​មាន​ដប​ថ្នាំ​តូច​សម្រាប់​ ដាក់​ប្រេងរំអិល​ម៉ាស៊ីនដេរ​នៅ​ជិត​នោះ​ ផង​ ទើប​សង្ស័យ​ថា​ កូនស្រី​ពិតជា​ផឹក​ប្រេង​ម៉ាស៊ីនដេរ​ដើម្បី​សម្លាប់​ខ្លួន​តាម​ គូ​ដណ្ដឹង​ជា​មិន​ខាន​ ។​ ពេល​នោះ​ក្រុម​ គ្រួ​សារបាន​ដឹក​យក​តួអង្គ​ស្រី​ទៅ​សង្គ្រោះ​ ព្រះ​កុសុមៈ​ ខណៈ​ដែល​តួអង្គ​ប្រុស​បាន​ ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ និង​បាន​ដឹក​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ​ រួច​ទៅ​ហើយ​នោះ​ ។​ អ្វី​ដែល​ធ្វើ​ឱ្យ​តួអង្គ​ ស្រី​មានសំណាង​នោះ​គឺ​ក្រុម​គ្រូពេទ្យ​បាន​ ជួយ​លាង​ក្រពះ​ និង​ចាក់​ថ្នាំ​ឱ្យ​នាង​បាន​ ដឹងខ្លួន​ និង​រួច​ពី​សេចក្ដីស្លាប់​ ហើយ​រឿង​ រ៉ាវ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកដឹង​រឿង​នាំ​គ្នា​លាន់​ មាត់​ថា​ ពិតជា​ស្នេហា​ស្មោះស្ម័គ្រ​ដូច​ ទុំ​ទាវ​ក្នុង​រឿង​មែន​ ៕