
មនុស្សប្រុសស្រីចំនួន១០នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទលក់ឆ្នោត
ដោយ ៖ ទឹកថ្លា ថ្ងៃទី 17 សីហា 2012ម៉ោង 10:35:08
ប៉ោយប៉ែត ៖ យ៉ាងហោចណាស់មានអ្នកលក់ឆ្នោតចំនួន១០នាក់ ក្នុងចំណោមអ្នកលក់ឆ្នោតដ៏ច្រើនស្អេកស្កះ ក្នុងក្រុងប៉ោយប៉ែតត្រូវបានកំលាំងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែសីហាឆ្នាំ២០១២ នៅចំណុចប្លុកផ្សារអគ្គថ្មី។
លោកអនុសេនីយ៍ទោ ព្រហ្ម ពិសិទ្ធិ នាយផ្នែកការិយាល័យព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មនុស្សប្រុស ស្រីទាំង១០នាក់ដែលត្រូវឃាត់ខ្លួន គឺជាអ្នកលក់ឆ្នោត ។ ក្នុងនោះសមត្ថកិច្ចបានដកហូតសម្ភារមួយចំនួន មានតុសម្រាប់កត់ឆ្នោត សៀវភៅកត់ឆ្នោត និងកៅអី ហើយនេះជាចំណាត់ការលើកទី២ចំពោះអ្នកលក់កន្ទុយលេខ។
លោកវរសេនីយ៍ត្រី អ៊ំ សុផល អធិការក្រុងប៉ោយប៉ែត បានប្រាប់នគរវត្តតាមទូរស័ព្ទនារសៀលថ្ងៃទី១៦ខែសីហាថា ការឃាត់ខ្លួនអ្នកទាំង១០ខាងលើ គឺយកមកអប់រំ បន្ទាប់មកនឹងដោះលែងឲ្យទៅវិញ ។
លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្ត បានឲ្យដឹងដែរថា ការឃាត់ខ្លួនបឋមទៅលើអ្នកទាំង១០ គឺមានរយៈពេល៤៨ម៉ោង បន្ទាប់មកបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ។ ចំពោះបទល្មើសនៅពុំទាន់ដាក់បន្ទុកនៅឡើយទេ ។
ជុំវិញនឹងការឃាត់អ្នកទាំង១០ខាងលើនេះដែរ បានធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនរិះគន់ថា ការកត់កន្ទុយលេខ ដែលហៅថាឆ្នោតនេះសម្រាប់ក្រុងប៉ោយប៉ែតគឺមានតាំងពីយូរហើយលក់ជារៀងរាល់ថ្ងៃ ទាំងឆ្នោតវៀតណាម ទាំងឆ្នោតថៃ ។ ដោយឡែកឆ្នោតវៀតណាម គឺគេចេញក្នុងមួយថ្ងៃដល់ទៅ២ដងហើយមានប្រមាណជាង១០ប៉ុស្តិ៍ឯណោះ ចំណែកឆ្នោតថៃវិញមួយខែចេញតែ២ដងប៉ុណ្ណោះ មានអ្នកលេងយ៉ាងគគ្រឹកគគ្រេងទៀតផង បើនិយាយពីថៅកែឆ្នោតគេធ្វើមានធ្វើបាន និងកាក់កបសម្បើមណាស់ក្នុងមុខរបរមួយនេះ ។
សូមបញ្ជាក់ថា សម្រាប់ថៅកែឆ្នោតធំដ៏សុខសាន្តក្នុងក្រុងប៉ោយប៉ែតមានតែ២នាក់ ។ គេសង្ឃឹមថា បន្ទាប់ពីការឃាត់ខ្លួនអ្នកកត់កន្ទុយលេខទាំង១០នាក់សួរនាំធ្វើរបាយការណ៍ និងកិច្ចសន្យារួច វានឹងអាចដល់វេនថៅកែធំទាំងពីរខាងលើ ព្រោះសុខសាន្តយូរមកហើយ។
មានប្រភពព័ត៌មានចុងក្រោយមកថាអ្នកទាំង១០ខាងលើមានខ្លះត្រូវបានដោះលែងនិងខ្លះទៀត ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងប៉ោយប៉ែត៕
