
វៀតណាមជំរុញការបោះបង្គោលព្រំដែនគោកជាមួយកម្ពុជាឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១២
ដោយ ៖ សាគុណ ថ្ងៃទី 17 សីហា 2012ម៉ោង 10:45:17
ភ្នំពេញ ៖ នៅក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នៅវិមានរដ្ឋសភាលោក ង្វៀន ស្វឺនភុក ប្រធានគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមបានថ្លែងថា វៀតណាមនឹងជំរុញឱ្យមានដំណើរការ បោះបង្គោលព្រំដែនគោកបានលឿន និងឆាប់រហ័សឱ្យចប់សព្វគ្រប់នៅឆ្នាំ ២០១២នេះ ។
លោក ង្វៀន ស្វឺនភុក បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនាពេលកន្លងមកក្នុងការពង្រឹងពង្រីកចំណងមិត្ដភាពកម្ពុជា-វៀតណាម ហើយបានលើកឡើង ថា កន្លងមកប្រទេសវៀតណាមបានបញ្ជូនអ្នកវិនិយោគជាច្រើនមកកម្ពុជា ដើម្បីផ្ដោតធ្វើការវិនិយោគជាទ្រង់ទ្រាយធំ ដែលមានដូចជាវិស័យអាកាសចរណ៍ ធនាគារ ទេសចរណ៍ និងដំណាំកៅស៊ូជាដើម ។
សម្ដេចប្រធានរដ្ឋសភា ហេង សំរិន បានថ្លែងគាំទ្រ និងជំរុញទំនាក់ទំនងមិត្ដ ភាពនៃប្រទេសទាំង២ក៏ដូចជាទំនាក់ទំនង លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងការ បើកទូលាយ ការវិនិយោគ ការផ្លាស់ប្ដូរ វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យ ផ្សេងៗទៀតក៏ដូចជាការជំរុញល្បឿនការងារព្រំដែនគោកឱ្យបានចប់នៅឆ្នាំ ២០១២ផងដែរ ។
សម្ដេចក៏បានជម្រាបផងដែរថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ខាងមុខនេះគណៈប្រតិភូជាន់ ខ្ពស់កម្ពុជាមួយក្រុមនឹងទៅចូលរួមខួប លើកទី៤៥ នៃចំណងមិត្ដភាពប្រទេស ទាំង២នៅទីក្រុងហូជីមិញ ៕
