ក្រុមការងារ​ធនធានទឹក​ខេត្ដឧត្ដរមានជ័យ​,​ខេត្ដស្វាយរៀង​បន្ដសកម្មភាព​បូមទឹក​សង្គ្រោះ​ស្រូវ​សន្ទូង​

ដោយ​ ៖ សុខ​ ខេមរា​ ​ ថ្ងៃទី 17 សីហា 2012ម៉ោង 11:06:25

​ខេត្ដស្វាយរៀង​-​ឧត្ដរមានជ័យ​ ៖​ បើ​ទោះជា​មាន​ភ្លៀង​បាន​ចាប់ផ្ដើម​ធ្លាក់​ជា​បណ្ដើរៗ​ ដីស្រែ​សន្ទូង​ សំណាប​ របស់​ប្រជា​ កសិករ​មួយ​ចំនួន​ទទួល​បាន​ទឹកភ្លៀង​ក៏​ដោយ​ ប៉ុន្ដែ​ក្រុមការងារ​របស់​មន្ដ្រី​ធនធានទឹក​នៅ​តែ​បន្ដសកម្មភាព​របស់​ខ្លួន​ចុះ​ អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ជា​ច្រើន​ទៀត​ ដែល​មាន​ផល​ប៉ះពាល់​បញ្ហា​រាំង​ស្ងួត​កន្លង​ទៅ​ ។​

​លោក​គឹ​ម​ សា​វុ​ធ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដស្វាយរៀង​ បានឱ្យ​ដឹង​ថា​ មក​ទល់​ពេល​នេះ​ជា​លទ្ធផល​ក្រុមការងារ​របស់​មន្ទីរ​បូមទឹក​សង្គ្រោះ​ស្រូវ​បាន​ចំនួន​១១០០​ហិ​កតា​ នេះ​បើ​គិត​ត្រឹម​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១២​ ។​ លោក​បន្ដ​ថា​ ក្នុង​នោះ​គឺ​ចុះ​បូមទឹក​អន្ដរាគមន៍​នៅ​ក្នុង​ឃុំ​ចំនួន​៧​ នៃ​ស្រុក​ស្វាយ​ជ្រំ​ ដូច​ជា​ឃុំ​ក្រោលគោ​,​ ឃុំ​ស្វាយ​អង្គ​,​ ឃុំ​ស្វាយ​យារ​,​ ឃុំ​អង្គ​តា​សូ​,​ ឃុំ​ដូន​សំ​,​ ឃុំ​តា​សួ​ស​ និង​ឃុំ​កំពង់ចម្លង​ ។​ ប៉ុន្ដែ​កាលពី​យប់​ថ្ងៃ​ទី​១៦​ មាន​ភ្លៀង​ធ្លាក់​ច្រើន​ សន្ទូង​នឹង​ស្រូវ​ប្រជា​កសិករ​ទទួល​បាន​ទឹកភ្លៀង​សម្រាប់​បង្កបង្កើន​ផល​មួយ​ចំណែក​ផង​ដែរ​ ។​ លោក​គឹ​ម​ សា​វុ​ធ​ បញ្ជាក់​ថា​ ខណៈ​ដែល​ស្រូវ​ និង​សន្ទូង​ប្រមាណ​១៦៥៣០​ហិ​កតា​ នៅ​ទូ​ទាំង​ខេត្ដ​ទទួល​រង​ផល​ប៉ះពាល់​រាំង​ស្ងួត​ ប៉ុន្ដែ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បន្ទាប់​ពី​មានការ​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​និង​ភ្លៀង​កំពុង​ចាប់ផ្ដើម​ធ្លាក់​ជា​បណ្ដើរៗ​ហើយ​នោះ​ ។

​​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ឃិ​ន​ ញ៉ា​ណ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដឧត្ដរមានជ័យ​ មក​ទល់​ថ្ងៃនេះ​ ក្រុម​ ការងារ​បាន​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ សន្ទូង​ និង​សំណាប​ បាន​២៦៧​ហិ​កតា​ ក្នុង​នោះ​ដូច​ជា​នៅ​ក្នុងស្រុក​ចុងកាល់​ មាន​ចំនួន​៣​ឃុំ​ នៅ​ឃុំ​ជើងពាន​បាន​៦៧​ហិ​កតា​ ឃុំ​ក្រសាំង​បាន​១៥​ហិ​កតា​ ឃុំ​ចុងកាល់​បាន​២០​ហិ​កតា​ ។​ លោក​បន្ដ​ថា​ ស្រុក​បន្ទាយ​អំពិល​ ឃុំ​បេង​ដែល​បូមទឹក​នៅ​ភូមិ​ទំនប់​ប្រាសាទ​៣​ និង​ភូមិ​គោក​កំប៉ុល​ សង្គ្រោះ​បាន​៨០​ហិ​កតា​ និង​នៅ​ភូមិ​គោក​មន​ ដូច​ជា​បូម​នៅ​ភូមិ​សិង្ហ​តា​នេស​,​ ភូមិ​គោក​មន​ បាន​ចំនួន​៣០​ហិ​កតា​ ។​ ចំពោះ​ក្រុង​សំរោង​ មានការ​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​នៅ​សង្កា​ត់បុ​ស្បូវ​ កូន​គ្រៀល​ បន្សាយ​រាក់​ និង​សង្កាត់​សំរោង​បាន​៩៥​ហិ​កតា​៕