ក្រុមការងារ​មន្ទីរ​ធនធានទឹក​ខេត្ដបន្ទាយមានជ័យ​បូមទឹក​សង្គ្រោះ​ស្រូវ​បាន​១.៧០០​ហិ​កតា​

ដោយ​ ៖ សុខ​ ​ខេមរា ថ្ងៃទី 18 សីហា 2012ម៉ោង 09:03:27

​ខេត្ដបន្ទាយមានជ័យ​ ៖​ បើ​ទោះជា​មួយ​រយៈ​នេះ​ក្រុមការងារ​របស់​មន្ទីរ​ចុះ​អន្ដរាគមន៍​សង្គ្រោះ​ស្រូវ​ សន្ទូង​ និង​សំណាប​ បាន​ចំនួន​១.៧០០​ហិ​កតា​ក៏​ដោយ​ ប៉ុន្ដែ​ជា​ទិស​ដៅ​នៅ​តែ​បន្ដ​ចុះ​អន្ដរាគមន៍​ដើម្បី​ស្វែងរក​ប្រភព​ទឹក​ស្រោចស្រព​លើ​ដី​ ស្រែ​ជូន​ប្រជាពលរដ្ឋ​ ។​ លោក​ យឹ​ម​ ប៊ុ​ន​រ៉ុ​ម​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដបន្ទាយមានជ័យ​ និយាយ​បែប​ នេះ​ប្រាប់​នគរវត្ដ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១២​ ។​

​លោក​ យឹ​ម​ ប៊ុ​ន​រ៉ុ​ម​ បញ្ជាក់​ថា​ ក្រុមការងារ​បាន​ចុះ​ជា​ប្រចាំ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន​៣​ គឺ​ស្រុក​ ភ្នំស្រុក​,​ ស្រុក​ព្រះនេត្រព្រះ​ និង​ស្រុក​មង្គលបុរី​ ក្នុង​នោះ​ស្រុក​ភ្នំស្រុក​ និង​ស្រុក​ព្រះនេត្រព្រះ​ បាន​បូមទឹក​សង្គ្រោះ​ស្រូវ​ ចប់​សព្វគ្រប់​អស់ហើយ​ ដែល​មានការ​ប៉ះពាល់​បញ្ហា​រាំង​ស្ងួត​កន្លង​ទៅ​ ដូច្នេះ​ក្រុមការងារ​បាន​បន្ដ​មក​ស្រុក​មង្គលបុរី​ គឺ​ ចុះ​អន្ដរាគមន៍​បូមទឹក​នៅ​ចំណុច​ឃុំ​សឿ​ ដោយ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ ដីស្រែ​របស់​ប្រជាពលរដ្ឋ​មាន​ផល​ប៉ះពាល់​ រាំង​ស្ងួត​រហូត​ដល់​១.៨០០​ហិ​កតា​ឯណោះ​ ។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ដ​ថា​ បច្ចុប្បន្ន​នេះ​ ក្រុមការងារ​កំពុង​មមាញឹក​បូម​ និង​កាយ​ប្រឡាយ​ ធ្វើ​យ៉ាងណា​រក​ប្រភព​ទឹក​តាម​ការ​ណែនាំ​ និង​គោលការណ៍​របស់​លោក​រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​ តែងតែ​តម្រូវ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ ក៏​ដូច​ ជា​តាម​មន្ទីរ​យកចិត្ដទុកដាក់​លើ​បញ្ហា​បង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ​ ៕