រថយន្ដ​ដឹក​ទឹក​ស្រោច​ផ្លូវ​ពី​ផ្សារ​ព្រៃ​ល្វា​ទៅ​អង្គរបុរី​កិន​មនុស្ស​ស្លាប់​១​របួសធ្ងន់​១

ដោយ​ ៖ ព្រហ្ម​​​ សុផៃ ថ្ងៃទី 18 សីហា 2012ម៉ោង 10:48:45

​ខេត្ដតាកែវ​ ៖​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១២​ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​ដោយ​រថយន្ដ​ដឹក​ទឹក​ស្រោច​ផ្លូវ​ពី​ផ្សារ​ព្រៃ​ល្វា​ទៅ​កាន់​ស្រុក​អង្គរបុរី​ បាន​បើក​ប៉ះ​ម៉ូតូ​១​គ្រឿង​បណ្ដាល​ឱ្យ​ដួល​ ហើយ​កិន​សម្លាប់​មនុស្ស​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​ ក្នុងភូមិ​ស្វាយ​ខាងជើង​ ឃុំ​បា​ស្រែ​ ស្រុក​អង្គរ​បុរី​ ខេត្ដតាកែវ​ ។​

​រថយន្ដ​បង្ក​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ត្រេ​អ៊ី​ គ្មាន​ស្លាក​លេខ​។​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ឈ្មោះ​ លី​ សន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ និង​អ្នក​របួស​ឈ្មោះ​ ទែន​ សំអាត​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ទួល​សាំង​“​ក​”​ ឃុំ​-​ស្រុក​អង្គរបុរី​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​ជ្រុង​(៩០)​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BG-1823​ ។​

​លោក​ មួល​ ហួ​ន​ អធិការ​ស្រុក​អង្គរ​បុ​រ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រថយន្ដ​បង្ក​ខាងលើ​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ ហើយ​អ្នកបើកបរ​មាន​ស្ថានភាព​ស្រវឹង​ លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​ប៉ះ​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ​ដែល​បើក​ស្រប​ទិស​គ្នា​បណ្ដាល​ឱ្យ​ដួល​ ធ្វើ​ឱ្យ​អ្នក​ជិះ​ខាងក្រោយ​ធ្លាក់​ ចូល​ក្រោយ​រថយន្ដ​កិន​ស្លាប់​ភ្លាមៗ​ និង​អ្នកបើកបរ​រង​របួសធ្ងន់​ ក្រោយ​កើតហេតុ​យន្ដ​បង្ក​បាន​ព្យាយាម​បើក​គេច​ជិត​ដល់​ទីរួមស្រុក​ អ្នកបើកបរ​បាន​ឈប់​រថយន្ដ​រត់គេច​ខ្លួន​បាត់​ ដោយ​ទុក​រថយន្ដ​ចោល​ ។​ ព័ត៌មាន​លំអិត​សូម​រង់ចាំ​អាន​កាសែត​ នគរវត្ដ​​ ៕