
ឃុំខ្លួនបុរសម្នាក់បន្លំខ្លួនជាមេធាវីបោកប្រាសលុយគេ១.៤៥០ដុល្លារ
ដោយ ៖ ស្រីពេជ្រ ថ្ងៃទី 18 សីហា 2012ម៉ោង 16:07:42
ភ្នំពេញ ៖ សាលាដំបូងរាជធានី ភ្នំពេញបានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលបន្លំខ្លួនជាមេធាវីឆបោកប្រាស់គេ បន្ទាប់ពីតំណាងអយ្យការ លោក សុខ រឿន ចោទប្រកាន់ចំនួន២ករណី ទី១-បទ ឆបោក និងបទក្លែងឯកសារសាធារណៈ កាលពីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១២។
ជនត្រូវចោទមានឈ្មោះ វណ្ណ ឆាយ អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិ សុភី ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ត្រូវបាននគរបាលខណ្ឌឫស្សីកែវឃាត់ ខ្លួនកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ខែសីហាឆ្នាំ២០១២ បន្ទាប់ពីបាន ទទួលពាក្យបណ្ដឹង ដែលក្នុងពាក្យបណ្ដឹង នោះបានឱ្យដឹងថា ដំបូងឡើយស្ដ្រីឈ្មោះ យក់ សុគន្ធ អាយុ៤៤ឆ្នាំ រស់នៅភូមិ បន្ទាយស្រី ខេត្ដសៀមរាប បានពឹងពាក់ មេធាវីម្នាក់ឈ្មោះ តូ តារា ភេទប្រុស អាយុ៣៨ឆ្នាំ ដើម្បីឱ្យជួយរត់ការដោះ លែងប្ដីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ។ ក្រោយមកឈ្មោះ វណ្ណ ឆាយ ដែលធ្លាប់ ស្គាល់មេធាវី និងស្ដ្រីរងគ្រោះផងនោះ បានក្លែងបន្លំឯកសាររបស់លោកមេធាវី តួ តារា ហើយទៅយកប្រាក់ពីជនរង គ្រោះ ដោយឱ្យបង់ប្រាក់ចំនួន១.៤៥០ ដុល្លារ ហើយកុហកថា យកទៅរត់ការ ដោះលែងប្ដីរបស់ខ្លួនដែលកំពុងជាប់ពន្ធ នាគារ ។ ភ្លាមនោះស្ដ្រីរងគ្រោះមិនបាន គិតពិចារណា ក៏បានយល់ព្រមប្រគល់ ប្រាក់ទាំងនេះទៅឈ្មោះ វណ្ណ ឆាយ គ្រប់ ចំនួន ព្រោះមិនចង់ឱ្យប្ដីជាប់ពន្ធនាគារ។
ក្រោយមក ពេលដែលស្ដ្រីរងគ្រោះ បានជួបមេធាវី តូ តារា នៅរាជធានីភ្នំ ពេញ ត្រូវគាត់ប្រាប់ថា ជាការបោក ប្រាស់ ព្រោះរូបគាត់មិនបានធ្វើលិខិតអ្វី មួយឱ្យស្ដ្រីរងគ្រោះបង់លុយនោះឡើយ ដូចនេះដោយហើយទើបសម្រេចដាក់ ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចចាត់ការបុរស រូបនោះតាមច្បាប់តែម្ដង ។
បន្ទាប់ពីដឹងថា ចាញ់បោកឈ្មោះ វណ្ណ ឆាយ ហើយ ទើបស្ដ្រីរងគ្រោះនិង មេធាវីបានប្រើល្បិចធ្វើជាទូរស័ព្ទទៅ ឈ្មោះ វណ្ណ ឆាយ ដែលនៅខេត្ដសៀមរាប ឱ្យធ្វើដំណើរមកជួបគ្នានៅភ្នំពេញ ពេល ឈ្មោះ វណ្ណ ឆាយ មកដល់ខណ្ឌឫស្សីកែវ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ៕
