
បុគ្គលិកក្រុមហ៊ុនចំរុះសិប្បកម្មអង្គរជិត២០០នាក់តវ៉ាទាមទារលក្ខខណ្ឌការងារ៤ចំណុច
ដោយ ៖ ជា ស្រស់ ថ្ងៃទី 12 កញ្ញា 2012ម៉ោង 16:18:30
ខេត្ដសៀមរាប ៖ បុគ្គលិកប្រុស ស្រីរបស់សហជីពកម្មករនិយោជិតសិប្បកម្មអង្គរ នៃក្រុមហ៊ុនចំរុះ សិប្បកម្មអង្គរ (Artisans D’Angkor) ប្រមាណជា២០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ដើម្បីទាមទារឱ្យខាងក្រុមហ៊ុនដោះស្រាយចំនួន៤ចំណុចធំៗ ស្របទៅនឹងច្បាប់ស្ដីពីការងាររបស់ព្រះរាជាណាចក្រកម្ពុជា ។
ការតវ៉ារនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុងទីតាំងក្រុមហ៊ុនចំរុះសិប្បកម្ម អង្គរ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អតីតបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្ដ។ ក៏ប៉ុន្ដែការតវ៉ានេះត្រូវបានរំសាយទៅវិញនៅ ម៉ោងជាង៩ព្រឹកថ្ងៃដដែល បន្ទាប់ពីមានការណាត់ជួបដោះស្រាយគ្នានៅឯសាលាក្រុងសៀមរាប ។
យោងតាមលិខិតជូនដំណឹងរបស់សហជីពកម្មករនិយោជិតសិប្បកម្មអង្គរ នៃក្រុមហ៊ុនចំរុះសិប្ប កម្មអង្គរលេខ០០១ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២ បានបង្ហាញថា ការតវ៉ារបស់ពួកគេ ដើម្បីទាមទារនូវចំណុចធំៗចំនួន៤ដូចជា ទី១-សូមក្រុមហ៊ុនរៀបចំឱ្យមានប្រាក់ឈ្នួលគោលសម្រាប់សិប្បករទាំង អស់(គិតតាមមធ្យមភាគ)។ ទី២-សុំឱ្យនិយោជកចរចារលើចំនួនម៉ោងផលិតរូបថ្មី សារជាថ្មី ទី៣-សូមក្រុមហ៊ុនឈប់បង្ខំសិប្បករឱ្យធ្វើការផលិតដែលមានតម្លៃទាបជាងម៉ោងគោល និងទី៤-ក្រុមហ៊ុនត្រូវផ្ដល់ប្រាក់ ឈ្នួលគោលដល់សិប្បករ នៅពេលក្រុមហ៊ុនមិនអនុញ្ញាតកម្មករធ្វើការងារដែលមានស្រាប់ ឬគ្មានការរងារឱ្យធ្វើ ។
ចំពោះការទាមទាររបស់ កម្មករនេះ គេមិនទាន់ដឹងថា បានលទ្ធផលយ៉ាងណានោះទេ។ ប៉ុន្ដែបន្ទាប់ ពីមានការសម្របសម្រួលពីអាជ្ញាធរ ក្រុមកម្មករ និងខាងក្រុមហ៊ុនបានសម្រេចចិត្ដជួបជជែកគ្នានៅរសៀល ថ្ងៃដដែលដើម្បីរកដំណោះស្រាយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនសិប្បកមចម្រុះអង្គរ (Artisans D’ Angkor) ជាក្រុមហ៊ុនផលិតវត្ថុសិល្បៈដ៏ល្បី មួយនៅក្នុង ខេត្កសៀមរាប ។ ការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនបែបនេះ ត្រូវបានក្រុមអ្នកជំនាញខាងវិស័យ ទេសចរណ៍សំដែងនូវការព្រួយបារម្ភថា ប្រសិនបើមិនប្រញ៉ាប់ដោះស្រាយទេ វាអាចជះឥទិពលមិនល្អដល់ វិស័យទេសចរណ៍មិនខាន ព្រោះថាក្រុមហ៊ុននេះគឺជាអ្នកផលិតវត្ថុសិល្បៈដ៏ធំសម្រាប់លក់ឱ្យភ្ញៀវទេសចរដែល ចូលមកទស្សនានៅកម្ពជា ៕
