
រថយន្ដដឹកឈើមិនចាប់ជំនាញរដ្ឋបាលព្រៃឈើចាប់វល្លិផ្ដៅប្រជាពលរដ្ឋទុករយៈពេល៣ថ្ងៃទើបដោះលែង
ដោយ ៖ ព្រាប១ ថ្ងៃទី 15 កញ្ញា 2012ម៉ោង 08:32:23
ខេត្ដឧត្ដរមានជ័យ ៖ វាជារឿងមួយដែលធ្វើឱ្យមតិមហាជនរិះគន់យ៉ាងខ្លាំង ចំពោះផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង ត្រពាំងប្រាសាទដែលចាប់រថយន្ដដឹកវល្លិផ្ដៅរបស់ប្រជាពលរដ្ឋយកទៅលក់ឱ្យថៃ ចំណែករថយន្ដដឹកឈើបើកឡើងរូងផ្លូវ ហេតុអ្វីក៏ផ្នែករដ្ឋបាលព្រៃឈើមិនចាប់។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ មានរថយន្ដដឹកផ្ដៅ មួយគ្រឿងពាក់ស្លាកលេខ3A-2665 កំពង់ចាម បម្រុងឆ្លងប៉ារាស់ច្រកព្រំដែន អន្ដរជាតិជាំសាងាំ ក្នុងភូមិសាស្ដ្រស្រុក អន្លង់វែង ដើម្បីយកទៅលក់ឱ្យឈ្មួញថៃ ស្របពេលដែលរថយន្ដមិនទាន់ទាំងបាន ឆ្លងបារ៉ាស់ផង ផ្នែករដ្ឋបាលព្រៃឈើ អន្លង់វែងក៏មកដល់ ហើយក៏បានឃាត់ រថយន្ដនេះមិនឱ្យឆ្លង ហើយថែមទាំងបញ្ជាឱ្យបើកត្រឡប់ទៅក្រោយវិញ យក ទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ដែលមានទីតាំងនៅព្រែស្អាក ក្នុងភូមិសាស្ដ្រភូមិអូរតាម៉េង ដើម្បីដោះស្រាយ។
ទាក់ទងនឹងហេតុការណ៍ចាប់រថយន្ដ ដឹកវល្លិរបស់ប្រជាពលរដ្ឋនេះ លោក ឡឹក សុជាតា មន្ដ្រីផ្នែករដ្ឋបាលព្រៃឈើ បាននិយាយថា ការដែលជំនាញរដ្ឋបាល ព្រៃឈើចាប់រថយន្ដដឹកវល្លិផ្ដៅនេះ គឺ យោងទៅតាមការដឹកជញ្ជូនគ្មានច្បាប់ត្រឹមត្រូវ ដូច្នេះជំនាញរដ្ឋបាលព្រៃឈើ ត្រូវតែអនុវត្ដច្បាប់ ។ ក្នុងរយៈពេលនៃការឃាត់រថយន្ដនេះ ទាំងម្ចាស់ផ្ដៅនិង ម្ចាស់រថយន្ដបានរត់ខ្វែងដៃខ្វែងជើង និងសុំសម្រួលដោះស្រាយ តែមន្ដ្រី ជំនាញនៅតែមិនព្រម។ លុះនៅរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ដោយមានការអន្ដរាគមន៍ខ្វាត់ខ្វែងជំនាញរដ្ឋបាល ព្រៃឈើបានសម្របសម្រួល ហើយក៏បានដោះលែងរថយន្ដនិងផ្ដៅឱ្យត្រឡប់ទៅវិញ។
ជុំវិញហេតុការណ៍ដោះលែងរថយន្ដ ដឹកផ្ដៅនេះប្រភពព័ត៌មានជាច្រើនបាន និយាយថា ករណីដោះលែងរថយន្ដនេះ ក៏ព្រោះតែម្ចាស់រថយន្ដបានរត់ការបង់ ប្រាក់ជូនមន្ដ្រីរដ្ឋបាលព្រៃឈើ ហើយ ព័ត៌មានខ្លះនិយាយថា ម្ចាស់រថយន្ដបង់ អស់១៥.០០០ដុល្លារ អ្នកខ្លះនិយាយថា បង់អស់១៦លានរៀល ។ ដោយឡែក លោក ឡឹក សុជាតា មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនមានអ្នកទទួល ។ ទោះបីជាចំនួនទឹកប្រាក់ខាងលើ ពិតប្រាកដឬមួយយ៉ាងណានោះ ក៏គេជឿជាក់ថា ផ្នែករដ្ឋបាលព្រៃឈើពិតជាបាន លាភសក្ការៈ ទើបដោះលែងរថយន្ដដឹក វល្លិផ្ដៅនេះ។
មតិមាត់ចាបមាត់ព្រាបខ្លះនិយាយថា រថយន្ដដឹកឈើឡើងរូងផ្លូវ រដ្ឋបាលព្រៃឈើមិនចាប់ បែរជាចាប់រថយន្ដដឹក វល្លិផ្ដៅរបស់ប្រជាពលរដ្ឋទៅវិញ ដែល ករណីនេះ គេគិតថា រដ្ឋបាលព្រៃឈើមិន ចាប់រថយន្ដដឹកឈើ ក៏ព្រោះតែរថយន្ដ នោះ មុននឹងចេញ គេបានទូរស័ព្ទប្រាប់គ្រប់ជំនាញ ទើបគេមិនចាប់ ។ រីឯ រថយន្ដដឹកផ្ដៅ មិនបានប្រាប់ជាមុន ទើបត្រូវគេចាប់បែបនេះ៕
