សង្សារ​១​គូ​សន្លប់​ស្ដូក​ព្រោះ​បើក​ម៉ូតូ​បុក​ម៉ូតូ​កង់​៣​ពេញទំហឹង​

ដោយ​ ៖ ស ​ដារ៉ា ថ្ងៃទី 18 កញ្ញា 2012ម៉ោង 15:12:09

​ភ្នំពេញ​ ៖​ មនុស្ស​ប្រុស​ស្រី​២​នាក់​ដែល​គេ​ដឹង​ថា​ជា​សង្សារ​នឹង​គ្នា​ បាន​សន្លប់​ស្ដូក​ស្ដឹង​ ខណៈ​បើក​ម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​យ៉ាង​ពេញទំហឹង​ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​ត្រង់​ចំណុច​ផ្លូវ​ លេខ​១១៨​ កែង​ផ្លូវ​ព្រះ​សី​សុវត្ថិ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​១​ ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​ប៉ុស្ដិ៍​ផ្សារ​កណ្ដាល​ទី​១ ​បាន​ឱ្យ​ដឹង​ថា​ ភាគី​ខាង​ម៉ូតូ​សេ​១២៥​ឈ្មោះ​ គង់​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ស្នាក់​ នៅ​ភូមិ​ល្វាឯម​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ រង​របួស​បាក់ដៃ​ និង​ស្រី​ស្នេហ៍​ដែល​ជិះ​ពី​ ក្រោយ​ឈ្មោះ​ ក្រឹ​ង​ ស្រី​រ័​ត្ន​ អាយុ​២២​ឆ្នាំ​ ធ្វើការ​នៅ​ខារ៉ាអូខេ​ ម្ដុំ​បារ​បារាំង​សង្កាត់​ ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ (​សន្លប់​ស្ដូក​ ស្ដឹង​នៅ​កន្លែង​កើតហេតុ​)​ ។​ ចំណែក​ ខាង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​ អ្នកបើកបរ​ឈ្មោះ​ ប៊ុ​ន​ ថៃ​ ភេទ​ ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូ​កង់​៣​ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​  ម្នាក់​និង​ស្រី​ស្នេហ៍​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ បើកបរ​តាម​ បណ្ដោយ​ផ្លូវ​ព្រះ​សី​សុវត្ថិ​ ក្នុង​ទិស​ដៅ​ពី​ ជើង​ទៅ​ត្បូង​ ។​ ចំណែក​ភាគី​រ៉ឺ​ម៉ក​ម៉ូតូ​ កង់​៣​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ សី​សុវត្ថិ​ដូច​គ្នា​ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ លុះ​ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​បាន​បត់​ឆ្វេង​តាម​បណ្ដោយ​ផ្លូវ​ លេខ​១១៨​ ស្រាប់តែ​ភាគី​ខាង​ម៉ូតូ​មក​   បុក​ចំ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​ពេញទំហឹង​បណ្ដាល​ ឱ្យ​ភាគី​ខាង​ម៉ូតូ​ដួល​ទៅ​លើ​ថ្នល់​ សន្លប់​ ស្ដូកស្ដឹង​ទាំង​២​នាក់​តែ​ម្ដង​ ។​

​ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​ ២​នាក់​ត្រូវ​បាន​ដឹក​តាម​រថយន្ដ​យក​ទៅ​ សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ម្ដុំ​ទួល​គោក​ រីឯ​ម៉ូតូ​និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​ត្រូវ​បាន​នគរបាល​ ចរាចរ​ខណ្ឌដូនពេញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ ៕